ព្រះខ័នរាជស្វាយរៀង នឹងតំណាងឱ្យកម្ពុជា ទៅប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន និងទ្វីបអាស៊ី ក្រោយគ្រង ជើងឯកលីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ កាលពីថ្ងៃទី០៤ ឧសភា កន្លងទៅ។

លោក Christonpher Grant មន្ត្រីរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោនបានប្រាប់សារព័ត៌មានអោយដឹងថា៖ អ្នកគាំទ្រ និងផេកមួយចំនួនកុំមានការយល់ច្រឡំដែលថា ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាជើងឯកលីគកំពូលកម្ពុជា ជាក្រុមតំណាងកម្ពុជាចូលរួមប្រកួតជើងឯកក្លិបអាស៊ាន (ASEAN Club Championship) នៅរដូវកាលក្រោយ គឺមិនមែនភ្នំពេញក្រោនទេ។

មិនត្រឹមតែប៉ុណ្ណោះ ព្រះខ័នរាជស្វាយរៀង ជាក្លិបតំណាងកម្ពុជាលេងក្នុងពានរង្វាន់អាស៊ីលំដាប់ទី៣ AFC Challenge League រដូវកាលក្រោយ។ មន្រ្តីរបស់ក្លិបរូបនោះបានបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវបានចូលរួមប្រកួតជម្រុះ វគ្គ Playoff សម្រាប់ពានរង្វាន់ទាំងពីរនេះពោលគឺមិនឡើងទៅវគ្គចែកពូលស្វ័យប្រវត្តិនោះទេ។

ខណ:ពានរង្វាន់ ASEAN Club Championship នឹងចាប់ឆ្នោតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម។

ព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជារយៈពេល ១៦ឆ្នាំចុងក្រោយដែលឈ្នះពានរង្វាន់ធំ ២ក្នុងមួយរដូវកាលនេះ ដោយទី១ គឺពានរង្វាន់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) និងទី២ ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤។

សម្រាប់ជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀង ៤-១ លើកបឹងកេត និងវិសាខា យកជ័យជម្នះលើភ្នំពេញក្រោន ២-០ តំបន់ TOP4 សប្តាហ៍ទី២៨ បានធ្វើអោយព្រះខ័នរាជស្វាយរៀង ក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ កាលពីថ្ងៃទី០៤ ឧសភា កន្លងទៅ បើទោះជានៅសល់ ២ប្រកួតទៀតក៏ដោយ។

ដោយឡែកសម្រាប់ ការគ្រងជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) របស់ព្រះខ័នរាជស្វាយរៀង ក្រោយយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ១ទល់និង០ នៅក្នុងពហុកីឡដ្ឋានជាតិ កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

ការក្លាយជាម្ចាស់ជើងឯកទាំង២ នៅរដូវកាលនេះ របស់ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជារយៈពេល ១៦ឆ្នាំចុងក្រោយសម្រាប់ការឈ្នះពានរង្វាន់ធំ ២ក្នុងមួយរដូវកាលតែ១។ ខណ:កាលពីកាលពី១៦ឆ្នាំមុន ពោលគឺឆ្នាំ២០០៨ ក៏មានភ្នំពេញក្រោន គឺជាក្រុមទី១ ដែលធ្លាប់ឈ្នះពានរង្វាន់ ២នេះដូចគ្នាផងដែរ។

គួរដឹងថា ការប្រកួត Top4 គឺលេងតែ១ជុំប៉ុណ្ណោះ មានរយ:ពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ដែលមាន៤ ក្រុមគឺ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និងបឹងកេត។ ក្រុមលេខ១ ត្រូវ ប៉ះក្រុមលេខ៤ និង ក្រុមលេខ២ ត្រូវប៉ះលេខ៣ ហើយក្រុមណាដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះ២ដងមកគឺត្រូវប្ដូរទៅលេងក្រុមដែលធ្វើម្ចាស់ផ្ទះបានតែ១ដងវិញ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League បានចាប់ផ្តើមការ ប្រកួតតាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប្រើរយៈពេលចំនួន ៣០សប្តាហ៍ និងមានក្រុមខ្លាំងៗចំនួន ១០ក្រុមចូលរួមប្រកួតប្រជែង៕

Share.