ភ្នំពេញ ៖ បុរសម្នាក់ស្ពាយឧបករណ៍ចេញទៅឆក់ត្រី ភ្លាត់ស្នៀតបែជាឆក់ខ្លួនឯងស្លាប់ទៅវិញ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណទីលានប្រណាំងរថយន្ត ក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ប៊ូ ម៉ាណា ភេទប្រុស អាយុ២៤ឆ្នាំ មានប្រពន្ធឈ្មោះ ឌឿន អែម អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិត្រពាំងទឹម ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមប្រភពពីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ គាត់២នាក់ ប្តី បានយកឧបករណ៍ឆក់ត្រី ទៅឆក់នៅចំណុចកើតហេតុ ព្រោះកន្លងមកក៏ធ្លាប់ទៅឆក់ទីនោះដែរ ដោយប្តីជាអ្នកចុះឆក់ក្នុងទឹក ប្រពន្ធនៅអង្គុយខាងលើ រហូតដល់វេលាម៉ោង៦ល្ងាច ឃើញដេកដួលផ្កាប់មុខក្នុងទឹក ឃើញសភាពមិនស្រួល រត់ទៅស្រែកហៅអ្នកភូមិឱ្យជួយ នាំគ្នាស្រង់ឡើងគោក នាំយកទៅគ្លីនិកសុខាកំបូល ត្រូវបានគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់ហើយ ទើបរាយការណ៍ទៅសមត្ថកិច្ច ជំនាញចុះពិនិត្យ កោសល្យវិច័យ រួចឃើញថាជនរងគ្រោះស្លាប់ដោយឆក់ចរន្តភ្លើង (ឧបករណ៍ឆក់ត្រី) រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។

ហេតុការណ៍ខាងលើ សមត្ថកិច្ចចុះទៅពិនិត្យទីតាំងទាំងយប់ ដោយមេឃងងឹតពេក ទើបនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋានខណ្ឌ ប៉ុស្តិ៍រដ្ឋបាល ចុះទៅពិនិត្យដល់ទីតាំងកើតហេតុ រកឃើញឧបករណ៍សម្រាប់ឆក់ត្រី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.