ភ្នំពេញ ៖ កម្លាំងនគរបាលជាតិបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងល្បែងស៊ីសងបានសរុបចំនួន៤៦៧នាក់ នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យសរុបដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីអគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ឃាត់ខ្លួនបាននោះ មាន២៥៩នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១០៧ករណី ៩៣នាក់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទូទៅ៥៧ករណី ៨៥នាក់ពាក់ព័ន្ធករណីក្មេងទំនើង និង៣០នាក់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់។

ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន គឺជាកិច្ចការអាទិភាពមួយ ក្នុងចំណោមកញ្ចប់ការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ខណៈរាជរដ្ឋាភិបាលក៏បាននិងកំពុងអនុវត្តយ៉ាងសកម្មដូចគ្នាដែរនូវយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស៕

អត្ថបទ៖ សង្គម​

Share.