ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បាត់បង់ជីវិតមួយរំពេចនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូតាមផ្លូវត្រូវរថយន្តបែនដឹកខ្សាច់បើកកៀរទាក់ដៃចង្កូតដួលចូលក្រោយកង់រថយន្តកិនចំក្បាលបែកខ្ទាតខួរពេញផ្លូវ កាលវេលាម៉ោង១១នឹង៣០នាទីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ ម៉ែត្រសង្កាត់ព្រៃសខណ្ឌដង្កោររាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ អុឹម អឿន អាយុ ៦៤ ឆ្នាំ មានទីលំនៅ ផ្ទះលេខ ៦១២ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានស្រុកកំណើត ឃុំដំណាក់ចង្អើរ ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CR-7662 ម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រទឹសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ក៏មានរថយន្តបែនដឹកខ្សាច់ចង្កូតស្ដាំមួយគ្រឿងពណ៌ស ពាក់ស្លាកលេខចង្កូតស្ដាំ PSHN-0400បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នា បានបើកវ៉ាជែងគ្នាក៏ទាក់ដៃចង្កូតម៉ូតូ ជនរងគ្រោះបណ្ដាលឱ្យដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់មួយរំពេចយ៉ាងអាណោចអាធម្ម។ ហើយអ្នកបើកបរមិនបានឈប់ភ្លាមៗនោះទេព្យាយាមបើកគេចខ្លួនត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅ ប៉ុស្ដ៍នគរបាលរដ្ឋបាលព្រៃស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ត្រួតពិនិត្យកន្លែងកើតហេតុ សហការជាមួយជំនាញការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះវាស់វែងយករថយន្ត ម៉ូតូនិងអ្នកបើបរទៅចាតការបន្តតាមផ្លូវច្បាប់ ចំណែកសពធ្វើកំណត់ហេតុទទួលឲ្យក្រុមគ្រួសារសាច់ញាតយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.