ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់ក្របខ័ណ្ឌជូនសាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៤ នៅខេត្តកំពង់ស្ពឺ។

តាមបណ្តាញទំនាក់ទំនងសង្គម ​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានឱ្យដឹងថា «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តវេនតពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់»។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ មានអាខោនហ្វេសប៊ុក ឈ្មោះ Pozz Zvet រៀបរាប់ថា ខ្ញុំបាទឈ្មោះ ជាសំណាង រស្មីសត្យា ភេទប្រុសអាយុ ២៣ឆ្នាំ ការសិក្សាចប់ថ្នាក់ទី១២ (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) បច្ចុប្បន្នមិនមានការងារអ្វីទេ សុខភាពល្អធម្មតា ដែលត្រូវជាកូនច្បង របស់លោកវរសេនីយ៍ទោ ជា សំណាង ដែលបានបាត់បង់ជីវិត ក្នុងហេតុការផ្ទុះគ្រាប់នៅយោធភូមិភាគទី៣។

សូមគោរពដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទីគោរព ខ្ញុំបាទមានបំណងបន្តវេនពីឪពុកចូលបម្រើការងារយោធានៅខេត្តកោះកុងបន្ដទៀត ដើម្បីបានប្រាក់ខែចិញ្ចឹមម្ដាយ ប្អូនៗនិងជីដូនចាស់ជរា ព្រោះសព្វថ្ងៃក្រុមគ្រួសារខ្ញុំ គ្មានអ្វីទីពឹង សូមសម្ដេច ហ៊ុន ម៉ាណែត សម្ដេចតា មេត្តាជួយសម្រេចបំណងខ្ញុំបាទផង ខ្ញុំបាទសូមគោរពនិងថ្លែងអំណគុណ៕

ចុចអាន៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តែងនូវសមានទុក្ខ សោកស្តាយ និងក្រៀមក្រំ នូវឧបទ្ទវហេតុផ្ទុះ.គ្រា.ប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣

Share.