កីឡាករ Morteza Mehrzadselakjani កើតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៨៧ របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ បច្ចុប្បន្នមានវ័យ៣៦ឆ្នាំ មានកម្ពស់រហូតដល់ ២.៤៧ ម៉ែត្រ ជាប់ឈ្មោះជាកីឡាករបាល់ទះដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក។

Morteza កើតមកជាមួយនឹងជំងឺដ៏កម្រមួយហៅថា Gigantism ដែលត្រូវបានបង្កឡើងដោយការផលិតអរម៉ូនលូតលាស់ច្រើនពេក (Growth hormone) នៅក្នុងក្រពេញភីតូរីស (Pituitary) នៃខួរក្បាល។ គាត់មានកម្ពស់លើស ១.៨៧ ម៉ែត្រនៅអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ។

ប៉ុន្តែគួរឱ្យសោកស្តាយនៅវ័យ ១៥ឆ្នាំ Morteza ​បាន​ជួប​ឧបទ្ទវហេតុ​ដួលកង់​បណ្តាល​ឱ្យ​បាក់​ឆ្អឹង​អាង​ត្រគាក​ធ្ងន់ធ្ងរ ហើយឧបទ្ទវហេតុនេះបានបញ្ឈប់ជើងស្តាំរបស់គាត់ពីការរីកលូតលាស់ ដោយទុកវាឱ្យខ្លីជាងជើងឆ្វេងរបស់គាត់ប្រហែល ១៥សង់ទីម៉ែត្រ។ គាត់ចាប់ផ្តើមមានអារម្មណ៍ក្រៀមក្រំបន្ទាប់ពីឧបទ្ទវហេតុនេះហើយបានចាប់ផ្តើមប្រើរទេះរុញ ឈើច្រត់ និងដំបងដើម្បីដើរ។

ទេពកោសល្យរបស់ Morteza ត្រូវបានគេប្រទះឃើញ និងកំណត់អត្តសញ្ញាណដោយគ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ង់ Hadi Rezaei ក្នុងឆ្នាំ ២០១១ បន្ទាប់ពីមើលកម្មវិធីទូរទស្សន៍មួយដែលនិយាយអំពីមនុស្សដែលមានកម្ពស់ខ្ពស់ ជាមួយទេពកោសល្យមិនធម្មតា។

ភ្លាមៗនោះលោក Hadi បានទាក់ទងទៅខាងទូរទស្សន៍យ៉ាងឆាប់រហ័សដើម្បីសាកសួរអំពី Morteza ដែលជាជនពិការ ជាមួយកម្ពស់រហូតដល់ ២.៤៧ម៉ែត្រ ដើម្បីបញ្ចុះបញ្ចូល និងលើកទឹកចិត្តរូបគេឱ្យលេងបាល់ទះអង្គុយ។

Morteza ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅក្លិបជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ និងបានបង្ហាញខ្លួនលើឆាកអន្តរជាតិលើកដំបូង នៅវគ្គជម្រុះប៉ារ៉ាឡាំពិក ឆ្នាំ២០១៦ បន្តចេញទៅប្រកួតប្រជែងនៅប៉ារ៉ាឡាំពិករដូវក្តៅឆ្នាំ២០១៦។

នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវក្តៅឆ្នាំ ២០១៦ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទះ Morteza គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងការប្រកួតជាមួយនឹង ២៨ ពិន្ទុសម្រាប់ប្រទេសអ៊ីរ៉ង់។ ហើយទីបំផុត អ៊ីរ៉ង់ទទួលបានមេដាយមាសមួយ បន្ទាប់ពីយកឈ្នះបូស្នៀ និងហឺហ្សេហ្គោវីណា ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ព្រមទាំងជាប់ជាកីឡាករល្អលំដាប់ទី២ អំឡុងព្រឹត្តិការណ៍ Rio Paralympics 2016 នៅប្រទេសប្រេស៊ីល។

នៅឆ្នាំ ២០១៨ គាត់បានជួយអ៊ីរ៉ង់ឈ្នះជើងឯក Sitting Volleyball World Championship ឆ្នាំ ២០១៨ ដោយបានឈ្នះជើងឯកពិភពលោកលើកដំបូងរបស់អ៊ីរ៉ង់ក្នុងរយៈពេល ៨ឆ្នាំ បន្ទាប់ពីបានយកឈ្នះ ៣-០ លើក្រុមការពារជើងឯកបូស្នៀ និងហឺហ្សេហ្គោវីណាក្នុងវគ្គផ្តាច់ព្រ័ត្រ។

នៅក្នុងការប្រកួតបាល់ទះអង្គុយប៉ារ៉ាឡាំពិករដូវក្តៅឆ្នាំ ២០២២ Morteza បានឈ្នះមេដាយមាសជាលើកទី២ បន្ទាប់ពីអ៊ីរ៉ង់ បានយកឈ្នះបូស្នៀ និងហឺហ្សេហ្គោវីណា ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈ្នះរុស្ស៊ី ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។

នៅឆ្នាំ ២០២២ បន្តបានឈ្នះជើងឯក Sitting Volleyball World Championship លើកទី២ ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ បន្ទាប់ពីបានយកឈ្នះ ៣-០ លើក្រុមបូស្នៀ និងហឺហ្សេហ្គោវីណា នៅវគ្គផ្តាច់ព្រ័ត្រ៕

Share.