ក្រោយ​ពី​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ដើម្បី​ពន្យល់​ទៅ​កាន់​តំណាង​ស្ថានទូត​នៃ​បណ្ដា​ប្រទេស​នានា​រួចមក ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​អនុប្រធានទី១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ បាន​បើក​ឱកាស​ឲ្យ​ក្រុម​អ្នក​កាសែត ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ពុយ គា និង​ក្រុម​ការងារ បាន​ចូល​ទស្សនា​បទ​បង្ហាញ​លម្អិត​នៃ​គម្រោង​នេះ​ផង​ដែរ​។

បទ​បង្ហាញ​រយៈ​ពេល​ជាង​២​ម៉ោង បាន​ទាញ​អារម្មណ៍​អ្នក​សារព័ត៌មាន ៨៦​នាក់ មកពី ៤៨ ស្ថាប័ន ឲ្យ​យល់​កាន់​តែ​លម្អិត ស៊ី​ជម្រៅ​បន្ថែម​ទៀត​ជុំវិញ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ដែល​នឹង​ចាប់​បើក​ការដ្ឋាន​នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២៤ នេះ​។

ប្រវត្តិ និង​ការ​ដាក់​ឈ្មោះ​៖ ដោយសារ​ព្រែកជីក​នេះ​ជា​ព្រែក​មួយ​ក្នុង​ចំណោម​ព្រែក​ទាំង​៣ ដែល​ស្ថាបនា​ឡើង​កាល​ពី​សម័យ​ អាណាចក្រ​ភ្នំ ហើយ​អ្នក​ប្រវត្តិសាស្ត្រ​ខ្លះ​ហៅ​ថា ហ្វូណន។ ព្រែកជីកទាំង៣ រួមមាន ព្រែកអូរកែវ ព្រែក​វិញតេ និង​ព្រែក​ហ្វូណន ប៉ុន្តែ​សព្វថ្ងៃ​នេះ ដាន​ព្រែក​អូរ​កែវ និង​ព្រែក​វិញតេ ស្ថិត​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​ផុត​ពី​ដែន​គ្រប់គ្រង​របស់​កម្ពុជា​ទៅ​ហើយ នៅ​តែ​ដាន​ព្រែក​ជីក​ហ្វូណន​។ ព្រែក​ជីក​ទាំង​៣ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្ត្រ​សន្និដ្ឋាន​ថា បាន​បោះបង់​ចោល​នៅ​សតវត្ស​ទី​៥ ឬ​ទី​៦ ដោយសារ​សង្គ្រាម​ផ្ទៃ​ក្នុង​។ ព្រែក​ជីក​ហ្វូណន ដែល​បោះបង់​ចោល​ជាង​១៥០០​ឆ្នាំ ត្រូវ​បាន​ផ្ដួចផ្ដើម​ជា​គម្រោង​ស្ដារ​ឡើង​វិញ​នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា (​លើកទី២​) ក្រោម​ម្លប់​ព្រះ​បារមី​នៃ​ព្រះមហាក្សត្រ មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល​។ គម្រោង​នេះ​ផ្ដួចផ្ដើម​ឡើង​នៅ​អាណត្តិ​ទី៦ ដែល​ជា​អាណត្តិ​ចុង​ក្រោយ​នៃ​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក មុន​នឹង​លោក​ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​។ គម្រោង​ព្រែក​ជីក​នេះ បន្ត​មក​ឲ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​មាន​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ាណែត​ជា​ប្រមុខ​រាជរដ្ឋាភិបាល ជា​អ្នក​អនុវត្ត ពោល​គឺ​បើក​ការដ្ឋាន​ស្ថាបនា​។

ដូច្នេះ​នេះ​ហើយ​បាន​ជា​គម្រោង​នេះ ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ព្រែក​ជីក ហ្វូណន​តេជោ​។

ការ​សិក្សា​លើ​ផល​ប៉ះពាល់​៖ ផល​ប៉ះពាល់​ធំ​ៗ​២ ដែល​ត្រូវ​លើក​យក​មក​ពិភាក្សា​ដោះស្រាយ រួមមាន ផល​ប៉ះពាល់​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី និង​ផល​ប៉ះពាល់​សង្គម​។

ផល​ប៉ះពាល់​បរិស្ថាន

កម្ពុជា​ជា​ប្រទេស​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​មេគង្គ​ឆ្នាំ ១៩៩៥ ។ យោង​តាម​មាត្រា​៥ នៃ​កិច្ច​ព្រមព្រៀង​នេះ កម្ពុជា​មាន​កាតព្វកិច្ច​ជូន​ដំណឹង​ទៅ​គណៈកម្មការ​រួម​ឲ្យ​បាន​ជ្រាប​មុន​ពេល​អនុវត្ត​ការ​សាងសង់ និង​មិន​មាន​កាតព្វកិច្ច​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​មុន ឬ​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​ជាក់លាក់ ពី​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​នោះ​ទេ​។

ការ​ស្ថាបនា​ព្រែក​ជីក​របស់​កម្ពុជា គឺ​ធ្វើ​ឡើង​ចេញ​ពី​ព្រែក​តាហ៊ីង​នៅ​ភូមិសាស្ត្រ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល ដែល​ជា​ដៃ​នៃ​ទន្លេ​បាសាក់ ហើយ​ទន្លេ​បាសាក់ គឺ​ជា​ដៃ​នៃ​ទន្លេ​មេគង្គ​។ និយាយ​សរុប​ម្យ៉ាង​ទៀត​ថា គម្រោង​នេះ ត​ភ្ជាប់​ដៃ​នៃ​ដៃ​ទន្លេ​មេគង្គ​ទៅ​កាន់​សមុទ្រ​កម្ពុជា មិន​បាន​ប៉ះពាល់​ដល់​ទន្លេ​មេគង្គ​នោះ​ទេ​។

ការ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​បរិស្ថាន គឺ​ធ្វើ​ឡើង​ដោយ​មាន​ជំនួយ​បច្ចេកវិទ្យា​ដូចជា ដ្រូន និង​សទ្ធ័រឡៃត៍ សម្រាប់​ស្កេន​មើល​ស្ថានភាព​ភូមិសាស្ត្រ និង​ប្រព័ន្ធ​អេកូឡូស៊ី និង​មាន​កម្មវិធី​សម្រាប់​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ទឹក MIKE Power by DHI ដែល​កម្មវិធី​កុំព្យូទ័រ​នេះ ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​ទូទាំង​សកលលោក​។

ផល​ប៉ះពាល់​សេដ្ឋកិច្ច​សង្គម

ដើម្បី​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​សង្គម និង​យន្តការ​ដោះស្រាយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រើ​រូបមន្ត​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB)​។

លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​លើ​សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​រួម​មាន​៖ ផ្ទះ​ប្រជាពលរដ្ឋ ១៥៨៥​ខ្នង​, ស្ពាន ៣​កន្លែង​, រោងចក្រ ១​កន្លែង​, ដី​លំនៅឋាន ១៤៩.៥ ហិកតារ, ផ្លូវ​ជាតិ ១៨​ខ្សែ​មាន​ប្រវែង ៤.១​គីឡូម៉ែត្រ​, ផ្លូវលំ ៧០​ខ្សែ​មាន​ប្រវែង ៤៥,៤​គីឡូម៉ែត្រ​, ទំនប់​ទឹក ២​ខ្សែ ៣៨៧.៦ ម៉ែត្រ​, ប្រឡាយ​ទឹក ១៣​ខ្សែ​មាន​ប្រវែង ៦១.៨​គីឡូម៉ែត្រ​, បឹង​១៥ មាន​ទំហំ ១៣.៦​ហិកតារ​, ដីស្រែ និង​ចម្ការ ២៩០០​ហិកតារ​។

សមាសភាព​ក្នុង​ការ​សិក្សា និង​កសាង​គម្រោង​៖ គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ត្រូវ​បាន​កំណត់​រយៈ​ពេល ២៦ ខែ ដើម្បី​ធ្វើ​ការសិក្សា ស្រាវជ្រាវ និង​កសាង​គម្រោង​ឡើង​។ ក្នុង​ដំណើរការ​នេះ មាន​សមាសភាព​ចូលរួម​សំខាន់ៗ ដូចជា ក្របខ័ណ្ឌ​ជាតិ​រួមមាន ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ អាជ្ញាធរ​ទន្លេសាប​។ ដៃគូ​អន្តរ​ជាតិ​ផ្នែក​បច្ចេកទេស​មាន អ្នក​ជំនាញ​របស់ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA), ធនាគារ​អភិវឌ្ឍ​អាស៊ី(ADB), លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ (MRCS), អ្នក​ជំនាញ​អន្តរជាតិ​ផ្នែក​កំពង់ផែ និង​ផ្លូវទឹក និង​មេធាវី​អន្តរជាតិ​ជំនាញ​កិច្ចការ​ច្បាប់​ទឹក និង​កិច្ច​ព្រមព្រៀង​មេគង្គ ១៩៩៥ ដែល​មាន​បទ​ពិសោធន៍​ជួយ​កសាង​គម្រោង​ជិត​៤០​គម្រោង​នៅ​ប្រទេស​ឡាវ​។ ក្រុមហ៊ុន​សិក្សា​លើ​គម្រោង​មាន ក្រុមហ៊ុន CCC Water Transportation Consultants និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់ CRBC​។ ក្រៅ​ពី​នេះ មាន​សមាជិក​អ្នក​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​សំណង់​ផ្លូវទឹក កំពង់ផែ សេដ្ឋកិច្ច ពាណិជ្ជកម្ម បរិស្ថាន​អេកូឡូស៊ី និង​សង្គម​ជាដើម ចំនួន​៤៨​នាក់​។

អំពី​គម្រោង​៖ គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ជា​គម្រោង​ផ្លូវ​ទឹក​ត​ភ្ជាប់​ទន្លេ​មេគង្គ និង​ទន្លេបាសាក់ ទៅ​កាន់​សមុទ្រ​ខេត្ត​កែប មាន​ប្រវែង​សរុប ១៨០​គីឡូម៉ែត្រ ទំហំ​មាត់​ព្រែក ១០០​ម៉ែត្រ និង​ទំហំ​បាត​ព្រែក ៨០​ម៉ែត្រ ជម្រៅ ៥ម៉ែត្រ៤តឹក ជម្រៅ​នាវាចរណ៍ ៤ម៉ែត្រ៧តឹក​។ ជម្រៅ​ប៉ុណ្ណេះ​ អាច​ឲ្យ​នាវា​ដឹក​បាន​ទម្ងន់​ចន្លោះ​ពី ១០០០ ទៅ ៣០០០ តោន (DWT) បើ​យើង​គិត​ពី​ចំនួន​កុងទីន័រ ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ទម្ងន់ ៣០ តោន ប្រវែង ១២​ម៉ែត្រ គឺ​អាច​ដឹក​បាន​ជាង ៣០ ទៅ១០០ កុងទីន័រ​ក្នុង​មួយ​ជើង​។

គម្រោង​នេះ​ឆ្លង​កាត់​ស្រុក​ចំនួន ១៥ នៃ​ខេត្ត​៤ គឺ​ខេត្ត​កណ្ដាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប និង​មាន​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​គម្រោង​នេះ​ប្រមាណ​ជាង ១​លាន ៦​សែន​នាក់​។ គម្រោង​នេះ​មាន​ពី​កំណាត់ គឺ​កំណាត់​ទី​មួយ​ពី​ទន្លេ​មេគង្គ​នៅ​ត្រង់​ព្រែក​តាកែវ និង​ទន្លេ​បាសាក់​នៅ​ព្រែក​តាឯក ហើយ​កំណាត់​ទី​ពីរ​ពី​ទន្លេ​បាសាក់​ត្រង់​ព្រែក​តែហ៊ីង ទៅ​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។ ផ្លូវ​ទឹក​នេះ​មាន​ផ្លូវ​អម​សងខាង​ប្រវែង ២០៨ គីឡូម៉ែត្រ ស្ពាន ១១​កន្លែង និង​មាន​សន្ទះ​ទឹក ៣កន្លែង គឺ​ទី​១ នៅ​ព្រែក​តាកែវ ដែល​វា​មាន​តួនាទី​ទប់​ទឹក​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់​ឲ្យ​មាន​លក្ខណៈ​សមស្រប​តាម​ធម្មជាតិ​ទន្លេ​ពី​ដើម​, សន្ទះ​ទឹក​ទី​២ នៅ​វាល​ទំនាប​ក្រុង​ស្វាយ​ដូនកែវ ខេត្ត​តា​កែវ ដែល​មាន​តួនាទី​រក្សា​របប​លំហូរ​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី និង​សន្ទះ​ទឹក​ទី៣ នៅ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​មាន​តួនាទី​គ្រប់គ្រង​លំហូរ​ទឹក និង​ទប់ស្កាត់​មិន​ឲ្យ​ទឹកប្រៃ ហូរ​ចូល​ទឹកសាប​។ កំពុង​ផែ​យុទ្ធសាស្ត្រ​មួយ​នឹង​ត្រូវ​ស្ថាបនា​ឡើង​នៅ​ក្នុង​ខេត្ត​តាកែវ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​តភ្ជាប់​ពហុ​មធ្យោបាយ​ដឹក​ជញ្ជូន ផ្លាស់ប្ដូរ​ទិស​ដៅ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ទេសចរ និង​ជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្នុង​តំបន់ និង​អន្តរជាតិ ហើយ​កំពង់​ផែ​ធំ​នេះ គាំទ្រ​ដោយ​កំពង់​ផែ​រណប ៤ ទៀត នៃ​ព្រែក​ជីក​។

គម្រោង​ព្រែក​ជីក​ហ្វូណន គ្រោង​ចំណាយ​ថវិកា​សាងសង់​ចំនួន ១៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​ថវិកា​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​សុទ្ធសាធ ដែល​គេ​ដឹង​ថា​បាន​ពី​កម្ចី​ឥណទាន ដែល​ទទួល​ខុស​ត្រូវ​ដោយ​ក្រុមហ៊ុន​អ្នក​វិនិយោគ ដោយ​មិន​បាន​ពាក់ព័ន្ធ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​។ រាជរដ្ឋាភិបាល​ដើរ​តួនាទី​សម្របសម្រួល ផ្ដល់​លទ្ធភាព បង្ក​បរិយាកាស​ល្អ​ដល់​ការ​វិនិយោគ និង​ធានា​ថា​ការ​អភិវឌ្ឍ​គម្រោង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព ផ្ដល់​ផលប្រយោជន៍ ដល់​សេដ្ឋកិច្ច សង្គម និង​មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​។

អត្ថប្រយោជន៍​៖ កាត់​បន្ថយ​រយៈ​ពេល ចម្ងាយ និង​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​។ បើ​ប្រៀបធៀប​ចម្ងាយ​ដឹក​ជញ្ជូន​ចេញ​ពី​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ទៅ​កំពង់ផែ​កៃមែប​នៅ​កម្ពុជា​ក្រោម​តាម​ទន្លេ​មេគង្គ​មាន​ចម្ងាយ ៣៧២ គីឡូម៉ែត្រ និង​ចម្ងាយ ៤៣៣ គីឡូម៉ែត្រ​តាម​ប្រឡាយ​កាន់ចាន់បូ​។ ប៉ុន្តែ​បើ​យើង​ដឹក​តាម​ព្រែក​ជីក​ហ្វូណន​តេជោ ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ទៅ​កំពង់​ផែ​ពហុ​បំណង​កំពត​មាន​ចម្ងាយ ២៣៧ គីឡូម៉ែត្រ និង​ចម្ងាយ ៣០៣​ គីឡូម៉ែត្រ​ទៅ​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។ បើ​គិត​ពី​ប្រាក់​ចំណេញ​វិញ ដែល​ដឹក​តាម​ព្រែក​ជីក​ហ្វូណន គឺ​ចន្លោះ ១៦៦ដុល្លារ ទៅ ១៨១​ដុល្លារក្នុងមួយកុងទីន័រ។ ផល​ប្រយោជន៍​ជា​រួម​ផ្សេងៗ​ទៀត​រួមមាន ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម ការ​អភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជា​ច្រើន ការ​ពង្រីក​តំបន់ អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ចិញ្ចឹម​សត្វ ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ការ​បង្កើត​ការងារ​បន្ថែម​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ផ្សេងៗ​ទៀត ការ​ជំរុញ​ការ​អភិវឌ្ឍ​ទី​ក្រុង នគរោបនីយកម្ម និង​ជំរុញ​ការ​រីកចម្រើន​ផ្នែក​អចលនទ្រព្យ​។

សន្និដ្ឋាន​ជា​រួម​៖ បើ​យោង​តាម​បទ​បង្ហាញ​របស់​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ គម្រោង​ព្រែក​ជីក​ហ្វូណន​ត្រូវ​បាន​ឆ្លង​កាត់​ការ​សិក្សា​ស្រាវជ្រាវ វិភាគ និង​វាយ​តម្លៃ​ចប់​សព្វ​គ្រប់​ហើយ ដោយ​ក្នុង​នោះ ផ្នែក​បច្ចេកទេស​មាន​ភាព​សមស្រប, ផ្នែក​បរិស្ថាន រង​ផល​ប៉ះពាល់​តិចតួច​បំផុត​, ផ្នែក​ច្បាប់​មាន​ភាព​សមស្រប​, ផ្នែក​សង្គម​មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​, ផ្នែក​សេដ្ឋកិច្ច​ផ្ដល់​ផល​ចំណេញ​ខ្ពស់​, ផ្នែក​វិនិយោគ បាន​ចុះ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី​មួយ គឺ​បញ្ចប់​ការ​សិក្សា​ស្រាវជ្រាវ​រួចរាល់ និង​បន្ត​ជំរុញ​បន្ថែម​ដើម្បី​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​នៅ​ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ ២០២៤ នឹង​បញ្ចប់​នៅ​ម្ដុំ​ដើម​ឆ្នាំ ២០២៨​។

សូម​បញ្ជាក់​ថា អត្ថបទ​នេះ​ដកស្រង់​ទាំង​ស្រុង​ និង​សម្រួល​ចេញ​ចេញ​ពី​បទ​បង្ហាញ​របស់​ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.