ព្រឹត្តិការណ៍​ប្រកួតបាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤​ មាន ៦១ក្រុមចូល​រួម​ប្រកួត​ ក្នុង​នោះ​មាន​ក្រុមនារី ​ចំនួន ១៣ក្រុម ដែល​នឹង​ផ្តើម​បើកការប្រកួត​ជាផ្លូវការនៅអំឡុង​ពាកកណ្ដាល​ខែមិថុនា គ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដាឆ្នាំ២០២៤ ខាងមុន​។

ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ បាល់ទាត់ពានរង្វាន់ Soccer League បាន​មាន​ប្រសាសន៍​ថា ការប្រកួត​កីឡា​បាល់​ទាត់ពានរង្វាន់ Soccer League គឺជាផ្នែកដ៏សំខាន់មួយស្ថិត ក្នុងបេសកកម្ម ដ៏ចម្បងរបស់ ស.ស.យ.ក. ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ស សុខា អនុប្រធាន និងទទួលបន្ទុកក្តាប់រួម Soccer League។

ការ​លើក​ដូច​នេះ​ធ្វើ​ឡើង​ក្នុង​ពិ​ធីចុះអនុស្សារណៈយោគយល់គ្នា រវាង​សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងភេសជ្ជៈប៉ូវកម្លាំង M-150 លើការគាំទ្រព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer Leauge រយៈពេល3ឆ្នាំ 2024-2026។ ពិ​ធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតី​ភាពរបស់ ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានគណៈ​កម្មការ​ប្រតិបត្តិ​រៀប​ចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League និងលោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខភេសជ្ជៈប៉ូវកម្លាំង M-150 ដែលបានធ្វើ​ឡើង​នារសៀល​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅអគារ The Kampus។

ឯកឧត្តមបាន បន្តថាការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League មិនត្រឹមជាវេទិកា​ផ្តល់ឱកាស​ដល់​កីឡាករ​គ្រប់​រូប មកពីគ្រប់ស្ថាប័ន រដ្ឋ និងឯកជន ជុំវិញរាជធានី ខេត្ត ដើម្បីមានឱកាស​បញ្ចេញ​សមត្ថ​ភាព​នៅ​លើទីលាន​វាលស្មៅពណ៌បៃតងកប្រកបដោយ តម្លាភាព នោះទេតែ Soccer League ក៏ព្រឹ​ត្តិការណ៍​មួយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ បំផុសចលនាសាមគ្គីភាព រឹត​ចំណង​មិត្តភាព របស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើត ធនធាន​មនុស្ស​ក្នុងវិស័យ​កីឡា​បាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាល ឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យស្លោកមួយ គឺ ស្មារតីសាមគ្គី។

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ត្រូវបានរៀបចំឡើងចំនួន ០៦លើក រួចមកហើយ គិតចាប់ពីឆ្នាំ២០១២ មកម្លេះ ដែលឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្នុងនោះរួមមាន៖

  • លើកទី១ ឆ្នាំ២០១២ មាន ៣២ក្រុមចូលរួម
  • លើកទី២ ឆ្នាំ២០១៣ មាន ៤០ក្រុមចូល​រួម
  • លើកទី៤ ឆ្នាំ២០១៥ មាន ៤៩ក្រុមចូល​រួម
  • លើកទី៥ ឆ្នាំ២០១៦ មាន ៦០ក្រុមចូល​រួម
  • លើកទី៥ ឆ្នាំ២០១៩ មាន ៦០ក្រុមចូល​រួម
  • លើកទី៦ ឆ្នាំ២០២៣ មាន ៧៤ក្រុម ក្រុមនារី មាន​ចំនួន ១០​ក្រុមចូលរួម
  • លើកទី៧​ ឆ្នាំ២០២៤​ មាន ៦១ក្រុម ក្រុមនារី មាន​ចំនួន ១៣ក្រុមចូលរួម

ស្រប​ពេល​នៅ​ក្នុង​ឆ្នាំ២០២៤នេះ ក្រុមហ៊ុន HSC និង ភេសជ្ជៈប៉ូវកម្លាំង M-150 បាន​សម្រេច​ចិត្ត​បន្ត​ផ្ដល់​ការ​ឧបត្ថម្ភគាំទ្រ​ក្នុងព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់ Soccer League ដែលមានរយៈពេល ០៣ ឆ្នាំ(២០២៤-២០២៦) ។ នេះជាសក្ខីភាព បង្ហាញអំពីគោល ជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន HSC Group និង​ភេជ្ជៈប៉ូវកម្លាំង M-150 ដើម្បី​ចូលរួម​ចំណែក​ជាមួយរាជរ ដ្ឋាភិបាល ក៏ដូចជា សហភាពស​ហព័ន្ធយុវ​ជនកម្ពុជា ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​បាល់​ទាត់នៅកម្ពុជាឲ្យ កាន់តែមានភាពរីកចម្រើន ស្មើមុខ ស្មើមាត់ នៅលើឆាកអន្តរជាតិ។

ឯកឧត្តម ខៀវ ភារិទ្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអេច អេស ស៊ី និងភេសជ្ជៈប៉ូវកម្លាំងM-150 ដែលតែងតែចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍កីឡានានា នាពេលកន្លងមក ទាំង​ព្រឹត្តិការណ៍ប្រកួតបាល់ពានរង្វាន់ Soccer Leagueលើកទី៦ឆ្នាំ២០២៣ និងបន្ត​គាំទ្ររយៈ​ពេល​៣ឆ្នាំ ២០២៤ – ២០២៦ បន្ថែម​ទៀត ដែល​ការចូលរួមយ៉ាងសកម្មនេះ​ពិតជា​មានសារ​សំខាន់ណាស់​ក្នុងការជួយ​អោយការរៀបចំព្រឹត្តិការប្រកួតបាល់ពានរង្វាន់ Soccer League ដំណើរការរបានលូន និងជោគជ័យតាមការគ្រោងទុក ក៏ដូចជាសក្ខីភាពបង្ហាញពីគោលជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន អេច អេស ស៊ី និងM-150 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសហភាពសហព័ន្ធ​យុវជន​កម្ពុជា​ក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាអោយកាន់តែរឹងមាំ រីកចម្រើន និងស្មើមុខ ស្មើ​មាត់​នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា សម្រាប់​ការប្រកួត ព្រឹត្តិការប្រកួតបាល់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ​​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក​. ខេត្តកណ្ដាល បាន​ក្លាយជា​ម្ចាស់​ជើងឯក​ ​ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួង​ការពារជាតិ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២-០ នៅ​លើ​ទីលាន​ស្មា​ត RSN ស្រប​ពេល​ដែល​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី​ ក៏​បាន​ក្លាយ​ជា​ជើង​ឯកនារី​ក្នុង​ពានរង្វាន់​តែ​មួយ​នេះ​ផងដែរ៕

រូបភាព៖ UYFC Soccer League

Share.