ម៉ូស្គូ៖ ​លោក វ្ល៉ាឌីមៀ ពូទីន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីសម្រាប់អាណត្តិទី៥ នៅក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃអង្គារ នេះ បន្ទាប់ពីបានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកកដី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu នាថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

ពិធីនេះគ្រោងនឹងធ្វើឡើងនៅវិមានក្រឹមឡាំង នឹងប្រារព្ធជាផ្លូវការនូវការចាប់ផ្តើមអាណត្តិរយៈពេល៦ឆ្នាំទៀត សម្រាប់លោកពូទីន ដែលបានឈ្នះការបោះឆ្នោតចំនួន ៨៧.២៨% អំឡុងការបោះឆ្នោតប្រធានាធិបតីដែលបានធ្វើឡើងនៅក្នុងខែមីនា កន្លងទៅថ្មីៗនេះ។

ថ្វីបើលោក ពូទីន នៅបន្ដកាន់តំណែង និងបន្ទាប់ពីស្បថចូលកាន់តំណែងជាថ្មីក៏ដោយ រដ្ឋាភិបាលរុស្ស៊ីបច្ចុប្បន្ននឹងលាលែងពីតំណែង ហើយរដ្ឋាភិបាលថ្មីនឹងចូលកាន់តំណែងដោយមានការយល់ព្រមពីសភារបស់ប្រទេសនេះ ស្របតាមវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានធ្វើឡើងក្នុងឆ្នាំ២០២០។ ក្នុងន័យនេះ លោក ពូទីន នឹងបង្ហាញបេក្ខភាពជានាយករដ្ឋមន្ត្រីទៅកាន់សភារដ្ឋឌូម៉ា ដែលជាសភាជាន់ទាបរបស់ប្រទេស ដើម្បីអនុម័ត។

ខណៈសភាកំពុងកាន់អំណាចទទួលយក ឬបដិសេធបេក្ខជននោះ លោកពូទីននឹងអាចតែងតាំងនាយករដ្ឋមន្ត្រី ដោយផ្ទាល់ដោយមិនចាំបាច់មានការយល់ព្រមពីសភា ប្រសិនបើសមាជិកសភាបដិសេធបេក្ខជន ៣ដង។ ក្នុង​ករណី​បែប​នេះ លោក ពូទីន ក៏​នឹង​មាន​សិទ្ធិ​រំលាយ​សភា និង​រៀបចំ​ការ​បោះឆ្នោត​សភា​ថ្មីផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក Mikhail Mishustin ទំនងជាត្រូវបានតែងតាំងម្តងទៀត ខណៈដែលលោកត្រូវបានគេមើលឃើញថា ជាប្រមុខរដ្ឋាភិបាលដ៏ជោគជ័យមួយរូប ដោយផ្អែកលើកំណើនសេដ្ឋកិច្ចរបស់ប្រទេស បើទោះបីជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កំពុងបន្ត និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ដោយលោកខាងលិចក៏ដោយ។

លោកពូទីននឹងតែងតាំងដោយផ្ទាល់នូវក្រសួងការបរទេស ការពារជាតិ យុត្តិធម៌ ស្ថានភាពគ្រាអាសន្ន និងរដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេសនេះ ក្នុងការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសហព័ន្ធ ដែលជាសភាជាន់ខ្ពស់នៃសភារុស្ស៊ី។

ដោយឡែករដ្ឋមន្ត្រីការបរទេសបច្ចុប្បន្នលោក Sergey Lavrov និងរដ្ឋមន្ត្រីការពារជាតិ Sergey Shoygu នឹងរក្សាតំណែងរបស់ពួកគេ ខណៈដែលការផ្លាស់ប្តូរក៏មិនត្រូវបានគេរំពឹងទុកនៅក្នុងក្រសួងដែលទាក់ទងនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

ប៉ុន្តែដោយសារមានការរិះគន់ជាសាធារណៈចំពោះគោលនយោបាយអប់រំ កីឡា និងវប្បធម៌ អាចនឹងមានការកែប្រែខ្លះនៅក្នុងក្រសួងពាក់ព័ន្ធ ហើយក៏មានលទ្ធភាពបង្កើតក្រសួងយុវជនផងដែរ។

ដោយផ្អែកលើច្បាប់របស់រុស្ស៊ី ដំណើរការអនុម័តរបស់រដ្ឋាភិបាលថ្មី អាចចំណាយពេលរហូតដល់ថ្ងៃទី២០ ឧសភា យ៉ាងយូរបំផុត ទោះបីជាគេរំពឹងថា បញ្ជីបេក្ខជនសម្រាប់នាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សារដ្ឋមន្ត្រី នឹងត្រូវបានបង្ហាញដល់សភាភ្លាមៗបន្ទាប់ពីពិធីស្បថចូលកាន់តំណែងក៏ដោយ៕

ប្រភព៖ Anadolu

Share.