បាត់ដំបង÷ ស្ត្រីកសិករ៣នាក់ ត្រូវរន្ទះបាញ់ពេលកំពុងបេះស្វាយក្នុងចម្ការ ក្រោមមេឃភ្លៀងដំបូងមួយមេធំកាលពីវេលាម៉ោងជាង ៣:០០នាទីរសៀល ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចចម្ការស្វាយក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

តាមប្រជាបលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ មានស្ត្រីជាកសិករ៣នាក់ ដែលកំពុងប្រមូលផលបេះផ្លែស្វាយ គាប់ជួនពេលនោះមេឃក៏បានប្រែប្រួលពពកឡើងខ្មៅ និងធ្លាក់ភ្លៀងលាយឡំជាមួយផ្គររន្ទះ បានបាញ់គ្រឹមៗព្រោងព្រាត ចុងក្រោយរន្ទះក៏បានបាញ់ផ្ទួនៗ លើទីតាំងដែលជនរងគ្រោះប្រមូលផលស្វាយ ដែលខ្លះកំពុងបេះ និងខ្លះទៀតកំពុងរៀបចំទុកដាក់ផលស្វាយ បណ្តាលឲ្យរងរបួសសន្លប់ដេកដួលលើដីតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដែរថា រន្ទះបាញ់ក្នុងហេតុការណ៍ខាងលើនេះបានបាញ់ផ្ទួនៗ ចំនួន២គ្រាប់បណ្តាលឱ្យស្ត្រីចំនួន៣នាក់រងរបួសធ្ងន់។ ពលរដ្ឋរងគ្រោះទាំង៣នាក់ មានឈ្មោះហាច ធី អាយុ១៦ឆ្នាំ ឈ្មោះព្រុំ គីម៉ើយ អាយុ៨ ឆ្នាំ និងឈ្មោះឡុច ស្រីពៅ អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិតាស្តា ភូមិត្រពាំងព្រលិត ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យភូមិភាគ ៥សំពៅលូន មានសភាពដឹងខ្លួនរួចផុតគ្រោះថ្នាក់ហើយ៕

អត្ថបទ៖ ដំបងក្រញូង

Share.