ភ្នំពេញ៖ កម្ពុជានៅតែបន្តមានភ្លៀងធ្លាក់លាយលំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ស្ទើរតែគ្រប់ទីកន្លែងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

ក្រសួងបានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៦អង្សាសេ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង និងកណ្តាល អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រក្នុង១វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។

តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ២០ភាគរយ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

អត្ថបទ៖ សង្គម

Share.