ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បានថ្លែងអំណរគុណដល់ប្រធានាធិបតីចិន លោក Xi Jinping ដែលមិនបានដាក់ពន្ធគយ «ជាបណ្តោះអាសន្ន» លើស្រាកូញាក់របស់ប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

កាលពីដើមខែមករា ប្រទេសចិន បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតប្រឆាំងការបង្ខូចថ្លៃទំនិញលើម៉ាកយីហោដែលនាំចូលពីសហភាពអឺរ៉ុប ក្នុងសកម្មភាពដែលគេមើលឃើញថា ជាគោលដៅរបស់ប្រទេសបារាំង។

លោក Macron បានប្រាប់អ្នកយកព័ត៌មាន រួមជាមួយនឹងលោក Xi បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉ារីសថា «ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ចំពោះប្រធានាធិបតីចិន ចំពោះការបើកចំហរបស់លោកទាក់ទងនឹងវិធានការមិនយកពន្ធគយបណ្តោះអាសន្ន លើផលិតផលស្រាខូញ៉ាក់របស់បារាំង»។

យោងតាមប្រភពការទូតបារាំង ប្រទេសចិនបានបង្ហាញថា នឹងមិនមានពន្ធគយភ្លាមៗលើការនាំចេញស្រាខូញ៉ាក់ទៅប្រទេសចិន ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតនោះទេ។

សូមជម្រាបថា លោក ស៊ី ជីនពីង កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃនៅប្រទេសបារាំង ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អឺរ៉ុបចាប់តាំងពីឆ្នាំ២០១៩។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី បានទទួលដបស្រា Hennessy X.O. និងដប Remy Martin Louis XIII ជាអំណោយផងដែរ នេះបើយោងតាមបញ្ជីអំណោយដែលឃើញដោយ AFP ។

ប្រភព៖ CNA

Share.