សិល្បៈជាតិ៖ តាម​ការ​ឱ្យ​ដឹង​ពី​ទំព័រហ្វេសប៊ុក ​ឥសីវ៉ូលេ/EsaiVoler ផ្ទាំង​ទស្សនីយភាព​ ល្ខោននិយាយ​រឿង​ «ផ្លែក្រៅ​ដើម» ដែល​ជា​ស្នាដៃ​ថ្មីមួយ​​ ​បង្កប់​​នូវ​​ខ្លឹមសារ​​អប់រំ​ខ្ពស់​​​ ​ឆ្លុះ​​​បញ្ចាំង​​ទាក់​ទង​ទៅ​​នឹង​​បញ្ហា​​ធម្មជាតិ​​ ​ការ​ប្រែប្រួល​​របស់​​ពិភពលោក​ ការ​​លោភលន់​ ​ការ​​កាប់​​បំផ្លាញ​​ព្រៃឈើ​​ខុស​​ច្បាប់​​ ​ដែល​​ធ្វើ​​ឱ្យ​​ពិភពលោក​​ ​មាន​​ការ​​ព្រួយ​​បារម្មណ៍​។​ «ផ្លែ​​ក្រៅ​ដើម​»​ នឹង​​សម្ដែង​​នៅ​ថ្ងៃ​ទី​១១ និង​ទី១២ ខែ​ឧសភា​ នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុង​តម្លៃ​​សំបុត្រ​មាន​ ២ម៉ឺន​រៀល​ និង​ ៤​ម៉ឺន​រៀល។

ដើម្បី​ចូលរួម​លើក​កម្ពស់និង​អភិរក្ស​ទំរង់​សិល្បៈល្ខោន​និយាយ​នេះ​ ​ក្រុមគ្រួសារ ឥសីវ៉ូលេ បាន​ផ្តួចផ្ដើម​តម្លើង​ស្នាដៃ​ថ្មី​មួយ​នេះ​ឡើង។ត្បិត​មិន​ទាន់​ទទួល​បាន​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ​ខ្លាំង ប៉ុន្តែ​ទម្រង់​សិល្បៈ​ល្ខោន​និយាយ​របស់​ខ្មែរនេះ ហាក់​មើល​ឃើញ​ថា​មាន​សន្ទុះគាំទ្រ​គួរ​ឱ្យ​សម្គាល់​ ព្រោះ​រាល់​ពេល​មាន​រៀបចំ​ការ​សម្ដែង​ សំបុត្រ​ចូល​ទស្សនា​រមែង​លក់​ដាច់​គ្មា​ន​សល់​ ហើយ​អ្នក​ទស្សនា​តែងតែ​ពោលសរសើរ​ពី​ការ​អភិវឌ្ឍ​ន៍​ ច្រើន​ទាំង​ការតុបតែងឆាក ការ​រៀបចំ​សំឡេង Sound System ឬ​ការ​សម្ដែង​របស់​តួអង្គ​នីមួយ​ក្ដី​។

ទំរង់​សិល្បៈល្ខោន​និយាយ ស្ថិត​នៅ​ក្នុង​ចំណោមប្រភេទ​​ល្ខោន​បុរាណ​ខ្មែរមួយ​ មាន​អាយុកាល​វែង​និង​យូរលង់ណាស់​មក​ហើយ ដែល​ដូនតាខ្មែរ ក៏ដូចជាសិល្បករសិល្បការិនី​ខ្មែរ​បាន​ថែរក្សា និង​ព្យាយាម​ស្ដារ​ឱ្យ​មាន​​ឡើងវិញ​​នៅ​កម្ពុជា​។ ល្ខោន​និយាយ​នេះ គេ​យក​ការ​និយាយ ពាក្យ​ពេចន៍ ការ​ប្រើ​ពាក្យ​សម្ដី​ និង​វោហារសាសន៍​ជាធំ។ ល្ខោន​និយាយ​នេះ​មាន​ប្រភព​កើត​ឡើង​នៅ​កម្ពុជា​ អំឡុងទសវត្ស ១៩៤០ (១៩៤៩) ឧទ្ទេសនាម​ដោយ​សាស្ត្រាចារ្យ​បារាំង​ដែល​បង្រៀន​អក្សរសិល្ប៍បារាំង​នៅវិទ្យាល័យស៊ីសុវត្ថិ ដោយ​លោក​ ហ្គី ប៉ូរ៉េ បាន​បង្រៀន ដឹកនាំ​សម្ដែង ​និងនាំ​សិស្ស​តម្លើង​រឿង​ខ្លីៗ​ ហើយរឿង​ទាំង​នោះ​ត្រូវ​បាន​ជ្រើសរើស​យក​ទៅសម្ដែង​នៅ​ក្នុង​ពិធី​បញ្ចប់​ឆ្នាំ​សិក្សា​នីមួយ​ៗ​ផង​ដែរ។

មែនទែន​ទៅ ​នេះ​​មិន​មែន​​ជា​​ស្នាដៃ​​ទីមួយ​​ឡើយ​ ​ដែល​​មាន​​ការ​​សម្ដែង​​សិល្បៈ​​ល្ខោន​​និយាយ​​នេះ​ ​ព្រោះ​​កន្លង​​មក​​ ធ្លាប់​​មាន​​ការ​​សម្ដែង​​ល្ខោន​និយាយ​​ជា​​ច្រើន​​រឿង​​ដែល​​សុទ្ធសឹងជា​​រឿង​​ឆ្លុះ​​បញ្ចាំង​​ពី​​បញ្ហា​ក្នុង​សង្គម​ដូច​ជា​រឿង តៃកុងហំ (ដក​ស្រង់​ចេញ​ពីរឿង​ថៅកែចិត្ត​ចោរ) ស្នាដៃលោក ​ពៅ យូឡេង និងលោក អ៊ុំ ឈឺន មរណភាព​ចម្លែក កុលាបបៃលិន ដកស្រង់​ចេញ​ពី​អក្សរសិល្ប៍ខ្មែរ​ស្នាដៃ​និពន្ធ​ លោក ញុកថែម និង​ ប៊ុនធឿន វិធាវី ដកស្រង់​ចេញ​ពី​អក្សរសិល្ប៍ខ្មែរ​ស្នាដៃ​និពន្ធ​ លោក នូ ហាច ជាដើម៕

Share.