រៀបការ​គឺជារឿង​មួយ​ដ៏ល្អ និង​ជា​សេចក្ដីសុខ សុភមង្គល​ នៅ​ក្នុង​ជីវិតសម្រាប់​មនុស្ស​ស្រី ប៉ុន្តែ​មិន​ដឹង​ថា​មា​ន​កម្មអី​ អាពាហ៍ពិពាហ៍​របស់​ម៉ាក់ និច និង​ហ៊ា ឆាត បែរជា​ក្លាយ​ជា​វេទិកា​ឱ្យ​អ្នក​ផលិតមាតិកា​មួយ​ចំនួន​តូច​ លើកយក​ទៅត្រូល​លេង​សើច​សប្បាយ រហូត​មាន​អ្នក​ខ្លះ​ថែម​ទាំង​ដៀល​អ្នក​នាង​ ដួង ម៉ានិច ថា​ជា​តារា​បំពុល​សង្គម និង​អ្នក​ខ្លះ​ទៀត​ថា​រៀបការ​បាន​ប្ដី​រួច​បែរជាបែក​ទៅវិញ​។ ចំពោះ​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ អ្នក​ស្រី សម្ផស្ស ​អ្នក​ផលិតមាតិការ​វីដេអូ​មាន​ប្រជាប្រិយភាព​មួយ​រូប​រស់​នៅ​ប្រទេស​ជប៉ុន បាន​ចេញ​វីដេអូ​ក្ដៅ​ៗ​ហុយៗ​ នាថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ ដើម្បី​វែកញែក​ពី​រឿង​តារា​សម្ដែង​ ដួង ម៉ានិច។

នៅ​ក្នុង​វីដេអូ​ដែល​អ្នក​ស្រី សម្ផស្ស​បាន​បង្ហោះ​រយៈ​ពេល​ជិត​ ១៦​នាទី​នោះ បាន​លើក​ច្រើន​ចំណុច​ទាក់ទង​នឹង​អ្នក​នាង​ ដួង ម៉ានិច ដោយ​យើង​ខ្ញុំ​សូម​សង្ខេប​ខ្លឹមសារ​ខ្លីៗ និង​ងាយ​យល់​ជម្រាបជូន​អ្នក​តាមដាន​សារព័ត៌មានត្រយង​ដូច​តទៅ៖

«អ្នក​ស្រី​សម្ផស្ស លើក​សរសើរថា​អ្នក​នាង​ ដួង ម៉ានិច គឺជា​សិល្បការិនី​ដែល​មាន​ពាន​បញ្ជាក់​ពី​គុណភាព​និង​សមត្ថភាព​សម្ដែង​បាន​គ្រប់​ទំរង់​ ជា​តឹកតាង​ស្រាប់​ ហើយ​លោក​ស្រី​ក៏​បាន​លើក​ឡើង​ដែរ​ថា​ការ​ធ្វើ​ត្រាប់​តាម Asoka Trend បែប​ល្ខោន​នោះ​ ក៏មាន​ការ​ចូលរួម​សហការ​និង​ជួយ​ពី​ហ៊ាឆាត ដែល​ជា​ស្វាមី​ដែរ ដូច្នេះ មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ឬ​ខ្មាសគេ​ជំនួស​ម្ចាស់ខ្លួន​នោះ​ដែរ។ នៅ​ក្នុង​វីដេអូ​នោះ​អ្នក​ស្រី សម្ផស្ស ថែម​ទាំង​លើក​ឡើង​ដែរ​ថា អ្នក​នាង​ ដួង ម៉ានិច គឺជាអ្នក​សិល្បៈ​មួយ​រូប​ ហេតុនេះ​មិន​ថា​ជា​ទំរង់​បុរាណ​ឬ​សម័យ​ពិតណាស់​ អ្នក​នាង​គឺអាចធ្វើ​បាន​គ្រប់​ទំរង់​ទាំង​អស់​។ អ្នក​ស្រី​ បាន​សរសើរ​ម៉ាក់និច ថា​ជាមនុស្ស​ល្អ ជា​កូន​ដោយ​គន្លងធម៌ ថែម​ទាំង​សរសើរ​ថា​ អាពាហ៍ពិពាហ៍​របស់​គាត់​ មិន​បម្រើ​សុរា ជាពិសេស​គូស្វាមី​ថ្មោងថ្មី​មួយ​គូនោះ​ក៏ជាគូដែល​ស្គាល់ធម៌អាថ៌ថែម។ អ្នក​ផលិត​មាតិកាគុណភាព​ អ្នក​ស្រី សម្ផស្ស បាន​លើកជា​សារ​ដាស់ស្មារតី​ដែរថា នៅ​ក្នុង​ថ្ងៃ​រៀបការ ថ្ងៃ​ដ៏មាន​សុភមង្គល ប្រសិន​បើ​យើង​មិនបាន​សាទរគេ​ទេ យើង​មិន​គួរ​ទៅសើច​យំ ឬ​យក​រឿង​គេ​មក​លេចសើចនោះ​ទេ​ ព្រោះ​នោះ​គឺជាសិទ្ធិ​បុគ្គល ហើយ​ក៏ជា​ការសាងអនុស្សាវរីយ៍​មួយ​សម្រាប់​ជីវិត​គូរបស់បុគ្គល​រៀងៗខ្លួន លោកស្រី​ផ្ដាំ​ទៅ​អ្នក​ផលិតមាតិកាដែរថា យើងជា​អ្នក​ធ្វើ​វីដេអូ​មែន​ តែ​​គ្មាន​សិទ្ធិ ទៅ​ជាន់ឈ្លីរឿង​អ្នក​ដទៃនេះទេ។»

បន្ទាប់​ពី​វីដេអូរបស់​អ្នក​ស្រី​សម្ផស្ស បាន​បង្ហោះ​ជាសាធារណៈ គេឃើញ​អ្នក​នាង ដួង ម៉ានិច និង​ស្វាមី ហ៊ាឆាត បាន​ចូលមក​ថ្លែង​អំណរគុណនៅខាងក្រោម​វីដេអូ ចំពោះ​ទឹកចិត្ត​ស្រលាញ់​រាប់​អាន និង​ការ​វែកញែក​បកស្រាយ​ប្រកប​ដោយ​ភាពត្រឹមត្រូវ​របស់​អ្នក​ស្រី​សម្ផស្ស។ ដោយឡែក​អ្នក​គាំទ្រ​មួយ​ភាគធំ​ បាន​ចូល​មក​លើក​ទឹកចិត្ត​និង​សរសើរដល់​ ហ៊ាឆាត និង​ដួង ម៉ានិច ព្រម​ទាំង​និយាយ​ថា​ចូលចិត្ត​មើលវីដេអូ​របស់​អ្នក​ទាំង​ពីរ​ទៀត​ផង។ ចំណែក​អ្នក​គាំទ្រ​ របស់​អ្នក​ស្រី សម្ផស្ស ក៏​បាន​ចូលរួម​បញ្ចេញ​ជា​យោបល់​ គាំទ្រ​ចំពោះ​ការលើក​ឡើងរបស់​អ្នក​ស្រី​ថា​ពិត​ជា​ត្រឹម​ត្រូវ​ ថែម​ទាំង​លើក​ឡើង​ថា អ្នក​ស្រី គឺជា​អ្នក​ផលិតមាតិកាគុណភាព​មួយ​រូប​ ដែល​ចូលរួម​ក្នុង​ការ​កែតម្រូវ​រឿង​អសកម្ម​ក្នុង​សង្គម​៕

Share.