បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅឃុំគយម៉ែង ស្រុកមង្គលបូរី ស្នើសុំដល់អាជ្ញាធរសុំជួយអន្តរាគមន៍ កុំឲ្យក្រុមហ៊ុនផលិតទឹកស្អាត បិទស្ទឹងដែលជាប្រយោជន៍សារធាណៈ ធ្វើឱ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋបានលើកឡើងថា ស្ទឹងមង្គ័លបូរី ដែលបានប្រភពទឹកពីស្រុកបរវេល ខេត្តបាត់ដំបង បានហូរកាត់ឃុំជាច្រើននៅក្នុងស្រុកមង្គល ខេត្តបន្ទាយមានជ័យ ដែលទឹកហូរកាត់ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ ឃុំឫស្សីក្រោក ឃុំគយម៉ែង និងឃុំមួយចំនួនទៀត។

ប្រជាពលរដ្ឋនៅឃុំគយម៉ែងបន្តទៀតថា រយៈពេល៦ទៅ៧ឆ្នាំនេះ ចាប់តាំងពីមានក្រុមហ៊ុនទឹកស្អាត ទឹកស្ទឹងមង្គលបូរី ប្រជាពលរដ្ឋប្រើប្រាស់នៅឃុំគយម៉ែង មិនដែលបានយូរនោះទេ យ៉ាងយូរត្រឹមខែ១គឺអស់ទឹកពីស្ទឹងតែម្តង ដោយសារក្រុមហ៊ុនផលិតទឹកស្អាត បានបិទទំនប់ទឹកទុកនៅចំណុចវត្តកោះកែវ ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

ពលរដ្ឋបន្តទៀតថា ពលរដ្ឋ៧ទៅ៨ភូមិនៅក្នុងឃុំគយម៉ែង ដែលនៅផ្នែកខាងក្រោមទឹក ចាប់ពីខែ២ រហូតដល់ខែ៤ ខែ៥ បើគ្មានភ្លៀងទេ គឺមិនមានទឹកសំរាប់ប្រើប្រាស់ឱ្យគោក្របី សត្វពាហៈណៈផឹកនោះទេ បើចង់ដាំបន្លែដំណាំ សំរាប់ទ្រទ្រង់ជីវភាពក៏លំបាកដែរ។ បើកាលពីមិនទាន់មានក្រុមហ៊ុនផលិតទឹកស្អាត ទឹកហូរតាមធម្មជាតិនោះ គឺអាចប្រើប្រាស់បានរហូតដល់ចូលឆ្នាំវិញទើបទឹករីងអស់។

ប្រជាពលរដ្ឋក៏សំណូមពរដល់មន្ត្រីជំនាញ ជាពិសេសឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមជួយអន្តរាគមន៍ដោះស្រាយផង បើក្រុមហ៊ុនឯកជនផលិតទឹកសំរាប់ចែកចាយលក់ ឱ្យប្រជាពលរដ្ឋប្រើប្រាស់នោះសូមកុំបិទទឹកដែលប្រើប្រាស់ជាប្រយោជន៍សាធារណៈ​ ។ ក្រុមហ៊ុនគួរណាតែមានប្រភពទឹកសំរាប់ខ្លួនឯង មិនគួរណាបិទទំនប់ទឹកស្ទឹង ធ្វើឱ្យប្រជាពលរដ្ឋនៅផ្នែកខាងក្រោមជួបការលំបាកនោះទេ។

តាមការសង្កេតឃើញថា នៅតាមដងស្ទឹងមង្គលបូរី នៅឃុំរហាត់ទឹក ដែលជាផ្នែកខាងលើឯនោះវិញ ទឹកស្ទឹងក៏រីកហួតប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់ដូចគ្នា មានតែនៅក្នុងឃុំបត់ត្រង់មួយចំនួន និងឃុំឫស្សក្រោកផ្នែកខាងលើទំនប់ទឹកស្អាតប៉ុណ្ណោះ ដែលមានទឹកប្រើប្រាស់បបូរមិនខ្វះអ្វីឡើយ ដោយសារនៅកៀកនឹងក្រុមហ៊ុនផលិតទឹកស្អាតបិទទឹក។

ជុំវិញបញ្ហានេះ លោក ហោ សំណាង មេឃុំ រហាត់ទឹកបានលើកឡើងថា មូលហេតុដែលអស់ទឹកស្ទឹងពីឃុំរហាត់ទឹក ដោយសារក្រុមហ៊ុន ផលិតទឹកស្អាតស្រុកមង្គលបូរី ទំនងជាមានខ្សែ ទើបអាចសុំថ្នាក់លើបង្ហូរទឹកស្ទឹងអស់ពីឃុំ រហាត់ទឹក គ្មានសល់ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅឃុំរហាត់ទឹក ជួបការលំបាកគ្មានទឹកប្រើប្រាស់ដូចគ្នា ហើយបិទទំនប់ទឹក សូម្បីផ្នែកខាងក្រោមក្រុមហ៊ុន ក៏អត់ទឹកប្រើប្រាស់ដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.