Don Lee ឬ Ma Dong-seok តារា​សម្ដែង​កូរ៉េ​-អាមេរិក​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ប្រទេស​កូរ៉េ​ ជា​ពិសេស​តាម​រយៈ​តួ​អង្គ​ពូម៉ាប់​នៅ​ក្នុង​រឿង​ «Train To Busan» ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រក់​ទឹកភ្នែក​ នៅ​ពេល​ដែល​តួ​អង្គ​របស់​លោក​បាន​លះបង់​ជីវិត​ដើម្បី​​ការពារ​អាយុ​ជីវិត​ប្រពន្ធ​និង​កូន​​ក្នុង​ផ្ទៃ​។

ងាក​មក​មើល​​ភាពយន្ត​ខ្នាត​ធំ​លំដាប​់​ហូលីវូដ​ «Eternals» របស់​ផលិតកម្ម Marvel ឯណោះ​វិញ​ Don Lee ក៏​មាន​វត្តមាន​សម្ដែង​នៅ​ក្នុង​រឿង​នេះ​ដែរ​ ដោយ​តួអង្គ​ដែល​លោក​សម្ដែង​គឺ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​គំនូរ​តុក្កតា ឈ្មោះ​ហៅ​ថា​ Gilgamesh ជា​​តួអង្គ​មួយ​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ និង​ត្រូវបាន​គេ​និរទេស​ដោយ​សារ​អំពើល្អ​របស់​លោក​ ដោយ​ Zuras ព្រោះ​តែ​តួអង្គ​ Gilgamesh បាន​ចំណាយ​ពេលវេលា​ច្រើន​នៅ​ជាមួយ​នឹង​មនុស្ស​។

ព្រោះ​តែ​ចំណុច​ខាង​លើ​នេះ​ តួអង្គ Gilgamesh ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ក្លាហាន​ដែល​រួម​សហការ​ជាមួយ​នឹង​តួអង្គ​សំខាន់​ៗ​ដូច​ជា​ Hercules, Beowulf ដោយ​តួ​អង្គ​លោក​ក៏​បាន​ចូលរួម​ជាមួយ​នឹង​ Avengers ផង​ដែរ​នៅ​ក្នុង​សៀវភៅ​។

លោក Ma Dong Seok ​កើត​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ ១៩៧១ បច្ចុប្បន្ន​វ័យ​ ៥០ឆ្នាំ​ គឺជា​តារា​សម្ដែង​កូរ៉េ​-អាមេរិក​ ដែល​ផ្ទុះ​បាន​ការ​គាំទ្រ​តាម​រយៈ​ភាពយន្ត​ Train To Busan និង​តួ​អង្គ​សំខាន់​ៗ ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កូរ៉េ។ តារា​រូប​នេះ​ទទួល​ពាន​រង្វាន់​ Gallup Korea’s Film ប្រចាំ​ឆ្នាំ​២០១៨។

Telegram-Troryorng
Share.