សិង្ហបុរី៖ បុរសពីរនាក់ដែលត្រូវបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរីត្រូវបាននិរទេសមកកម្ពុជា កាលពីថ្ងៃចន្ទ ទី៦ ឧសភា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

បើតាមអ្នកនាំពាក្យអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ CNA ថា លោក Su Wenqiang និងលោក Wang Baosen មានអាយុ ៣២ឆ្នាំ ទាំង ២នាក់ត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសសិង្ហបុរីទៀតឡើយ។ ខណៈបុរស​ទាំង​២នាក់ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៣ខែ​ កាលពី​ខែមេសា​ កន្លងទៅថ្មីៗនេះ។

ជុំវិញរឿងរ៉ាវនេះ ភ្នាក់ងារសារព័ត៌មាន CNA បានទាក់ទងអាជ្ញាធរដើម្បីសួរថា ហេតុអ្វីបានជាបុរសទាំង ២នាក់នេះ ត្រូវបាននិរទេសចេញប៉ុន្មានសប្តាហ៍បន្ទាប់ពីពួកគេត្រូវបានកាត់ទោស។ ប៉ុន្ដែភ្លាមៗ មិនទាន់មានការឆ្លើយតបអ្វីទេ។

លោក ស៊ូ ជាជនសង្ស័យទី១ ដែលសារភាពកំហុសក្នុងសំណុំរឿងនេះ ហើយត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី២ ខែមេសា។ លោកបានសារភាពថា ជាប់ចោទពីបទលាងលុយកខ្វក់ចំនួន ១១ករណី កាន់កាប់ប្រាក់ចំណូលពីបទល្មើសល្បែងស៊ីសងពីចម្ងាយដោយខុសច្បាប់ និងកុហកដើម្បីយកលុយធ្វើការឱ្យខ្លួន និងប្រពន្ធ។

អាជ្ញាធរ​បាន​រឹបអូស​បាន​ប្រាក់​ជាង ៥,៩លាន​ដុល្លារ​សិង្ហបុរី (៤,៤ លាន​ដុល្លារ​អាមេរិក) ពី​លោក Su ក្នុង​ទម្រង់​ជា​សាច់ប្រាក់ យានយន្ត របស់​សម្ភារៈប្រណីតៗ និង​ស្រា។ លោក ស៊ូ ត្រូវបានគេរកឃើញថា មានសញ្ជាតិ ជា​ជនជាតិ​ខ្មែរ ដែល​លិខិតឆ្លងដែន​បញ្ជាក់​ថា មកពី​ខេត្ត Fujian ប្រទេស​ចិន។

ចំណែកជនសង្ស័យទី២ គឺលោក Wang ជាជនជាតិចិន ត្រូវបានកាត់ទោសកាលពីថ្ងៃទី១៦ ខែមេសា បន្ទាប់ពីបានសារភាពកំហុសលើការចោទប្រកាន់មួយពីបទកាន់កាប់ប្រាក់ចំណូលខុសច្បាប់ជិត ៦០០,០០០ដុល្លារសិង្ហបុរី នៅក្នុងគណនីធនាគាររបស់ប្រពន្ធគាត់ និងសម្រាប់ការលាងលុយចំនួន ១.៤៨លានដុល្លារសិង្ហបុរី ដើម្បីទិញផ្ទះល្វែងប្រណីត Park Nova នៅផ្លូវ Tomlinson។ ខណៈការចោទប្រកាន់ចំនួន៦ផ្សេងទៀត ត្រូវបានពិចារណាក្នុងការកាត់ទោស។

អាជ្ញាធរក៏បានរឹបអូសទ្រព្យសម្បត្តិជាង ៨លាងសិង្ហបុរី ដែលជាកម្មសិទ្ធរបស់លោក Wang មានជាសាច់ប្រាក់ យានយន្ដ និងរបស់របរមានតម្លៃផ្សេងទៀត រួមទាំងទ្រព្យសម្បត្តិរបស់លោកដែលបានដាក់ឈ្មោះប្រពន្ធផងដែរ។ កន្លងមក មានសេចក្ដីរាយការណ៍ថា លោក Wang បានកាន់លិខិតឆ្លងដែនចិន និងវ៉ានូអាទូ ហើយមិនមានការងារធ្វើនៅប្រទេសសិង្ហបុរីទេ។

លោក Su និងលោក Wang គឺជាមនុស្ស ២នាក់ក្នុងចំណោម ១០នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការប៉ូលីសនៅទូទាំងកោះកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីប៉ូលីសត្រូវបានគេប្រាប់អំពីសកម្មភាពខុសច្បាប់ក្នុងប្រទេសសិង្ហបុរី ដែលអាចកើតមានដោយក្រុមជនបរទេស។

ចំពោះការនិរទេសមកកម្ពុជា អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) មិនបានពន្យល់អ្វីបន្ថែមទេ ប៉ុន្ដែទីតាំងនៃការនិរទេសគឺអាស្រ័យលើការអនុញ្ញាតរបស់ជនបរទេស ដោយផ្អែកលើលិខិតឆ្លងដែនដែលមានសុពលភាព។

ទាក់ទិននឹងបញ្ហានេះ ទ្រព្យសម្បត្តិជាង ៣ពាន់លានដុល្លារសិង្ហបុរី ត្រូវបានរឹបអូស ឬបង្កកពាក់ព័ន្ធនឹងករណីនេះ ហើយករណីនេះ ទំនងជាធ្វើឱ្យក្លាយជាប្រតិបត្តិការលាងលុយដ៏ធំបំផុតមួយនៅក្នុងពិភពលោក៕

ប្រភព៖ CNA

Share.