លោក​អ្នក​អាច​ធ្លាប់​ដឹង​ពី CBC​, ប៉ុន្តែ​លោក​អ្នក​ដឹង​ពី ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ឬទេ​?

ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ជា​ប្រព័ន្ធ​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​លំហូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​លើ​ហានិភ័យ​នៃ​កិច្ច​ព្រមព្រៀង​ឥណទាន​។ ប្រព័ន្ធ​នេះ​ស្ថិត​ក្រោម​ច្បាប់​មួយ ដែល​បង្កើត​បាន​ជា​លក្ខខណ្ឌ​តម្រូវ​ឲ្យ​អ្នក​ផ្ដល់ និង​អ្នក​ទទួល​សេវា​ឥណទាន​បញ្ជូន​ព័ត៌មាន​ឥណទាន​របស់​ខ្លួន​ទៅ​កាន់​ស្ថានីយ​ផ្ទុក​ទិន្នន័យ ហើយ​ព័ត៌មាន​ទាំង​នោះ​នឹង​ត្រូវ​ចែករំលែក​ទៅ​ឲ្យ​អ្នក​ផ្ដល់ និង​ស្នើសុំ ឬ​ទទួល​សេវា​ឥណទាន នៅ​ពេល​ដែល​ត្រូវ​ការ​ចាំបាច់ ដោយ​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី​ដែល​បាន​កំណត់​។ ដំណើរការ​នេះ​មាន​ការ​ចូលរួម​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ត្រូវ​តែ​ធានា​បាន​នូវ​សុវត្ថិភាព រក្សា​ការ​សម្ងាត់ ឆាប់រហ័ស និង​ប្រកប​ដោយ​បរិយាបន្ន​។

សមភាព​សំខាន់ៗ ក្នុង​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​រួម​មាន​៖ កម្មវត្ថុ​នៃ​ទិន្នន័យ សំដៅ​ដល់​បុគ្គល​ម្នាក់ៗ និង​ស្ថាប័ន ឬ​ក្រុមហ៊ុន (​រូបវន្តបុគ្គល និង​នីតិបុគ្គល​)​។ អ្នក​ផ្ដល់​ទិន្នន័យ សំដៅ​ដល់​អ្នក​ផ្ដល់​ឥណទាន (​ប្រាក់កម្ចី​), អ្នក​ដែល​មិន​បាន​ផ្ដល់​ឥណទាន ប៉ុន្តែ​មាន​កាតព្វកិច្ច​បញ្ជូន​ទិន្នន័យ (ឧ. សែក​គ្មាន​ប្រាក់​), ភ្នាក់ងារ​សាធារណៈ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ អ្នក​ផ្ដល់​សេវា ចែក​រំលែក​ព័ត៌មាន​ឥណទាន មាន​ការិយាល័យ​ព័ត៌មាន​ឥណទាន​របស់​រដ្ឋ ឬ​ឯកជន​។ អ្នក​ប្រើប្រាស់​ទិន្នន័យ សំដៅ​ដល់​អ្នក​ផ្ដល់​ឥណទាន (​ប្រាក់កម្ចី​), រដ្ឋាភិបាល, បុគ្គល​ម្នាក់ៗ និង​ស្ថាប័ន ឬ​ក្រុមហ៊ុន និង​អ្នក​ដែល​មិន​ផ្ដល់​ប្រាក់​កម្ចី​។

ការ​ចែករំលែក​ព័ត៌មាន​ឥណទាន​មាន​សារសំខាន់​ណាស់​ដល់​ប្រជាពលរដ្ឋ ស្ថាប័ន ក្រុមហ៊ុន ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​៖

សម្រាប់​ប្រជាពលរដ្ឋ និង​ស្ថាប័ន ក្រុមហ៊ុន ការ​ចែករំលែក​ព័ត៌មាន​ឥណទាន​ជួយ​ឲ្យ​ពួក​គាត់​កសាង​កេរ្តិ៍ឈ្មោះ​ល្អ​របស់​ខ្លួន​, ជួយ​សម្រួល​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​, មាន​អំណាច​ចរចា​ខ្ពស់​លើ​ទំហំ​ឥណទាន និង​ការប្រាក់​, ទទួល​បាន​ឥណទាន​លឿន​ជាង​មុន​, កាត់​បន្ថយ​កំហុស​ដោយ​អចេតនា និង​កែតម្រូវ​ទាន់​ពេលវេលា​។

សម្រាប់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​វិញ ការ​ចែករំលែក​ព័ត៌មាន​ឥណទាន ជួយ​ឲ្យ​ដំណើរការ​នៃ​ការ​សម្រេច​ឥណទាន​បាន​លឿន​ជាង​មុន​, កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​ដែល​មិន​ចាំបាច់​, ជួយ​ដល់​ការ​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ​, កាត់​បន្ថយ​ហានិភ័យ​ឥណទាន និង​ការពារ​បំណុល​ច្រើន​លើសលប់ (​វ័ណ្ឌ​-​ក​)​។

បច្ចុប្បន្ន​នេះ​មាន​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​២ គឺ​នាយកដ្ឋាន​ចែករំលែក​ព័ត៌មាន​ឥណទាន ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល និង​ការិយាល័យ​ចែករំលែក​ព័ត៌មាន​ឥណទាន​គ្រប់គ្រង​ដោយ​ផ្នែក​ឯកជន​។ ចំណែក​នៅ​ប្រទេស​កម្ពុជា ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​គ្រប់គ្រង​ដោយ​ផ្នែក​ឯកជន គឺ​ក្រុមហ៊ុន Credit Bureau Cambodia ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា CBC​។

សូម​បញ្ជាក់​ថា ខ្លឹមសារ​ខាង​លើ​នេះ គឺ​ជា​ការ​ពន្យល់​របស់​ក្រុមការងារ​នៃ​ក្រុមហ៊ុន CBC នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី ប្រតិបត្តិការ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ដែល​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា និង CBC​។

នៅ​អត្ថបទ​ក្រោយ ត្រយង​នឹង​ពន្យល់​អំពី​៖ CBC ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ឆែក​ព័ត៌មាន​ឥណទាន​តែ​មួយ​គត់​នៅ​កម្ពុជា, តើ​អ្នក​ណា​ខ្លះ​ដែល​មាន​សិទ្ធិ​ឆែក​ព័ត៌មាន​ឥណទាន​របស់​អ្នក​បាន​? តើ​ព័ត៌មាន​ឥណទាន​វិជ្ជមាន អវិជ្ជមាន ត្រូវ​រក្សាទុក​ប៉ុន្មាន​ឆ្នាំ​?, គន្លឹះ​ក្នុង​ការ​កសាង​ប្រវត្តិ​ឥណទាន​ល្អ និង​អត្ថប្រយោជន៍។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.