ប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលមិនបានបញ្ជាក់ពីលក្ខណៈនៃការវាយប្រហារនោះ បានឱ្យដឹងថា ការវាយប្រហារនៅមន្ទីរពេទ្យមួយនៅភាគនិរតីនៃប្រទេសចិន បានបណ្តាលឲ្យមនុស្សជាង ១០នាក់ស្លាប់ ឬរងរបួសនាថ្ងៃអង្គារ នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា «ឧបទ្ទវហេតុនេះ បានកើតឡើងនៅមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ហើយគិតត្រឹមម៉ោង ១:២០នាទីរសៀល (ម៉ោងក្នុងស្រុក) មានមនុស្សជាង ១០នាក់ហើយ ត្រូវបានបញ្ជាក់ថា បានរងរបួស ឬបាត់បង់ជីវិត។

សារព័ត៌មានរដ្ឋចិន បានបន្ថែមថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងស្រុក Zhenxiong ក្នុងខេត្ត Yunnan ភាគនិរតីប្រទេសចិន ហើយអាជ្ញាធរកំពុងស៊ើបអង្កេតករណីនេះ។

រូបភាពដែលចុះផ្សាយដោយគេហទំព័រព័ត៌មានរដ្ឋ The Paper បានបង្ហាញឱ្យឃើញបុរសម្នាក់កំពុងចង្អុលកាំបិតទៅកាន់បុរសម្នាក់ទៀតដែលកាន់ដំបងនៅក្នុងបន្ទប់រង់ចាំរបស់មន្ទីរពេទ្យ ក៏ដូចជាមន្រ្តីប៉ូលីសដែលមកដល់កន្លែងកើតហេតុ។

ឧក្រិដ្ឋកម្ម​ហិង្សា​ទ្រង់ទ្រាយ​ធំ​ គឺ​កម្រ​មាន​នៅ​ក្នុង​ប្រទេស​ចិន ដែល​ហាមប្រាម​ពលរដ្ឋ​យ៉ាង​តឹងរ៉ឹង​ពី​ការ​កាន់​អាវុធ ប៉ុន្តែ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ចាក់​សម្លាប់ជាបន្ដបន្ទាប់។

ខណៈកាល​ពី​ខែ​មុន មនុស្ស​ ៦​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ក្នុង​ការ​ចាក់​សម្លាប់​នៅ​សាលា​មត្តេយ្យ​មួយ​កន្លែងក្នុង​ខេត្ត Guangdong ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

កាលពីខែសីហាឆ្នាំមុន នៅក្នុងខេត្តយូណាន មនុស្ស ២នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីបុរសម្នាក់ដែលមានប្រវត្តិជំងឺផ្លូវចិត្តបានវាយប្រហារមនុស្សដោយប្រើកាំបិត។ ហើយនៅក្នុងខែសីហា ឆ្នាំ២០២២ មនុស្ស ៣នាក់ត្រូវបានសម្លាប់ និង៦នាក់រងរបួសនៅក្នុងការវាយប្រហារដោយកាំបិតនៅសាលាមត្តេយ្យមួយកន្លែង ក្នុងខេត្ត Jiangxi ភាគអាគ្នេយ៍នៃប្រទេសចិន៕

ប្រភព៖ CNA

Share.