ភ្នំពេញ ៖ ទីតាំងចម្រាញ់ប្រេងខ្មៅមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ហុយផ្សែងខ្មួលខ្មាញ់ បង្កឱ្យភ្ញាក់ផ្អើល វេលាម៉ោង ៤និង៥០ នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅ ត្រង់ចំណុចឃ្លាំងគ្មានលេខ ផ្លូវលេខ១០០៣ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ សៀក ហុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ រកសុី មានទីលំនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ហើយទីតាំងខាងលើជាប្រភេទសំណង់គ្រោងដែកប្រក់ស័ង្កសី ទំហំ១២ម៉ែត្រx២៥ម៉ែត្រ ។

តាមសមត្ថកិច្ចចុះទៅអន្តរាគមន៍ បានឱ្យដឹងថា ដើមចម បណ្តាលមកពីទុស្សេចរន្តភ្លើង បង្កជាអគ្គិភ័យឆាបឆេះឡចម្រាញ់ប្រេងខ្មៅ ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទៅវិញនៅវេលាម៉ោង ៥និង៤០នាទីល្ងាចថ្ងៃដដែល ។

គ្រោះអគ្គិភ័យខាងលើ បណ្តាលឱ្យខូចខាតតែសម្ភារៈមួយចំនួន មិនបង្កឱ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.