ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលកំពុងដើរឆ្លងផ្លូវទៅរង់ចាំជិះរថយន្តក្រុង ត្រូវបានម៉ូតូហុងដាឌ្រីមជិះលឿនជ្រុលបុក បណ្តាលឱ្យស្ត្រីម្នាក់របួសធ្ងន់បាក់ជើងឆ្វេង ចំណែកបុរសអ្នកបើកម៉ូតូរបួសដៃស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងអ្នកថ្មើរជើង ឈ្មោះ អោម កូលាប ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិក្រសាំងតាម៉ង់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-9147 បើកបរដោយឈ្មោះ ឃឹម បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពោធិស្ទៀង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះដើរថ្មើរជើង ឆ្លងផ្លូវពីកើតទៅលិច ដើម្បីរង់ចាំជិះរថយន្តក្រុងទៅធ្វើការ ស្រាប់តែភាគីខាងម៉ូតូជិះពីត្បូងទៅជើងជ្រុលបុក បណ្តាលឱ្យ ស្ត្រីរងគ្រោះបាក់ជើងឆ្វេង ចំណែកអ្នកបើកម៉ូតូរងរបួសដៃស្រាល ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌបណ្តោះអាសន្ន រងចាំដោះស្រាយដោះស្រាយគ្នានៅពេលក្រោយ ៕

Share.