ភ្នំពេញ ៖ រថយន្តបែនយុីឌុបមួយគ្រឿង បើកបរល្បឿនលឿនវ៉ាជែងរថយន្តខាងមុខ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលបុកជាមួយរថយន្តកុងតឺន័រ បើកច្រាសទិស ខ្ទាតទៅកៀរបង្គោលភ្លើង រងខូចខាតខ្ទេចមុខទាំង២គ្រឿង របួសអ្នកបើកបររថយន្តកុងតឺន័រម្នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមនគរបាលបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តបែន យុីឌុប ម៉ាកSCANIA ពណ៌ស ពាក់ស្លាកលេខ ពាក់ស្លាកលេខ ភ្នំពេញ 3F-1429 បើកពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ចូលទៅគន្លងផ្លូវម្ខាងទៀត ក៏ជ្រុលបុកជាមួយរថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-2850 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-7662កំពុងបើកពីលិចទៅកើតច្រាសទិសគ្នា បណ្តាលឱ្យរថយន្តបែនខ្ទាតទៅកៀរបង្គោលភ្លើង ក្បាលរថយន្តកុងតឺន័រប៉ើងបត់ត្រឡប់ក្រោយ របួសអ្នកបើកបរ ខ្ទេចមុខទាំង២គ្រឿង ។

ក្រោយកើតហេតុ ជនរងគ្រោះទៅពេទ្យក្បែរនោះបាត់ បន្សល់ទុករថយន្តទាំង២គ្រឿងនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ រួចប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងស្ទូចយកទៅរក្សាទុក រង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.