សិល្បៈជាតិ​៖ បាតុភូតិ ធម្មជាតិ​ ច័ន្ទគ្រាស ឬសូរ្យគ្រាស នេះ​ បើ​តាម​ដំណាល​តៗ​គ្នា​ យើង​តែងតែ​ឮមក​ថា​កើត​ចេញ​ពី រាហូ លេបព្រះច័ន្ទ ឬ​ រាហូ លេបព្រះអាទិត្យ ដោយ​សារ​តែ​ខឹងសម្បារ​ដែល​ទេពទាំងពីរ​អង្គ​នេះ​ប្ដឹង​ព្រះនរាយណ៍ ឱ្យគប់​កងចក្រ​មក​ ទើប​ធ្វើ​ឱ្យ​ខ្លួនដាច់មួយ​កំណាត់​ក្រោម​រលាយ​សាបសូន្យ​​ នៅសល់​តែ​ត្រឹម​ទ្រូង​ ដៃ​ និងក្បាលប៉ុណ្ណោះ​​។

ការ​ដែល ​រាហូ អាចនៅ​សល់​មួយ​កំណាត់​រាងកាយ​ខាង​លើ​នេះ បណ្ដាល​មក​ពី​បាន​លួចផឹក​ទឹក​អម្រឹត​ ហើយ​ទឹក​មន្ដស័ក្ដិសិទ្ធិ​នេះ​ជ្រាបមក​ត្រឹម​ទ្រូង ទើប​កងចក្ររបស់​ព្រះនរាយការណ៍​កាត់​ដាច់​តែ​ត្រឹម​ទ្រូងចុះ​ក្រោយ​ ដែល​មិន​ទាន់​មាន​សារជាតិ​ទឹក​អម្រឹត​ជ្រាប​ដល់​។

នៅ​ក្នុង​ទេពកថារបស់ព្រហ្មញ្ញសាសនា រាហូ ជាឈ្មោះអសុរៈ ឬ (យក្ស) ដែល​ជួនកាល​ហៅ​ថា «ព្រះកាល»។ រូបចម្លាក់របស់​ រាហូ ដែល​បន្សល់​នៅ​តាម​ជញ្ជាំងប្រាសាទ ផ្ដែទ្វារប្រាសាទ ឬ​នៅ​តាម​វត្តក្ដី គឺ​មាន​ត្រឹម​ទ្រូង ដៃ និង​ក្បាល​ ដែល​មើល​ទៅ​គួរ​ឱ្យ​ខ្លាច​។

ដំណើរ​ដើម​ទង​នៃ​ដំណាល​របស់​ព្រះរាហូ​នេះ​ គឺ​ផ្ដើម​ចេញ​ពី ទេវកថា រឿង កូរសមុទ្រទឹកដោះ នៅពេល​ដែល​ ទេព ឬសូរ និង អសូរ ឬយក្ស ពួតដៃ​គ្នា​កូរសមុទ្រដើម្បី​រកទឹកអម្រឹត។ ពេល​កូរ​បាន​ទឹក​អម្រឹត​ហើយ រាហូ​ដែល​ជា​យក្ស បាន​លួចផឹកទឹកអម្រឹតមុន​គេ ពេល​នោះ​ព្រះអាទិត្យ និង​ព្រះច័ន្ទ ដែល​មាន​ចក្ខុទិព្វ បាន​ទូលថ្វាយ​ទៅព្រះនរាយណ៍ ដំបូង​ឡើយ​ព្រះនរាយណ៍ចោលកងចក្រទៅ​ចំតែ​មិន​ដាច់​ក្បាល ព្រោះ​មាន​ថាមពល​ទឹក​អម្រឹត​ជួយ​ ក្រោយ​មក​ព្រះនរាយណ៍ចោល​កងចក្រម្ដង​ទទៅ​ពាក់​កណ្ដាល​ទ្រូង ក៏​ដាច់​ ត្រឹម​ទ្រូង ព្រោះ​ទឹក​អម្រឹត​ជ្រាប​ត្រឹម​ហ្នឹង​ ដូច្នេះ​ទើប​រាហូមាន​ តែ​ក្បាល ទ្រូង និង​ដៃ​ទាំង​ពីរ​ប៉ុណ្ណោះ​ ដែល​ជា​អមតៈ​។ ដោយ​សារ​តែ​ខឹង ព្រះអាទិត្យ និង​ព្រះច័ន្ទ ទើប​ឱ្យ​តែ​ជួប​ រាហូ​ តែងតែចាប់​លេប ព្រះច័ន្ទ និង​ព្រះអាទិត្យ ប៉ុន្តែ​ដោយ​មាន​តែក្បាល​ ទើបបាន​ត្រឹម​តែ​លេប​ហើយ​ធ្លាយ​ចេញ​មក​ក្រៅ​ដោយសារតែ​គ្មាន​ពោះ​ផ្ទុក​។

រាហូ ពេញនិយម​ណាស់​ក្នុង​សង្គម​ខ្មែរ​តាំងពីសម័យបុរាណ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ដោយ​មាន​ឆ្លាក់ជាប់​នៅ​តាម​ប្រាសាទ និង​គូរជាគំនូរ​នៅតាម​វត្តអារាម​នានា។​ ចម្លាក់រាហូឃើញ​មាន​ជា​ក្បាច់​លម្អប្រាសាទ នៅលើផ្ដែរ ហោងជាង សរសរផ្អោប ជើងទម្រ ទ្រនាប់​ក្បាច់ផ្កាឈូក (ដាក់​នៅជណ្ដើរ ឬទ្វារ មុន​ឡើង​ឬចូលទៅតួណាមួយ​នៃ​ប្រាសាទ​) និង​នៅលើ​មឈូស​ថ្មបុរាណ ដូចមាន​នៅ​បន្ទាយសម្រែ​។ តែបើជា​គំនូរ​​ឃើញ​មាន​ឆ្លាក់​ហោរជាង សសរ ជញ្ជាំង​របស់វត្ត នៅលើឡានដឹកមឈូស លម្អលើមឈូស លម្អលើហោជាងនៃ​ភ្នំយោង ឬមេរុ​​។ល។​​ រាហូ ក៏មានឆ្លាក់​នៅលើ​ខ្លោងទ្វារចូលវត្តច្រើន​ដែរ។

សម្រាប់ ​ទេព ប្រចាំទិសនីមួយៗ​របស់​ខ្មែរ រាហូ​ នៅ​ប្រចាំ​ទិសឦសាន ដែល​ជា​ទិសតំណាង​ឱ្យ​សេចក្ដីស្លាប់ និង​កើត ​នៅ​ក្នុង​ជំនឿ​ខ្មែរ​ ដែល​គំនិត​ ស្លាប់ និង​កើត នៃ​រាហូ នេះ​មាន​ទំនាក់ទំនងនឹង ច័ន្ទគ្រាស និង​សូរ្យគ្រាសដែរ។ នៅ​ក្នុង​ន័យ​នេះ​គេ​ចង់​បង្ហាញ​ថា ពេល​ដែល​រាហូលេបព្រះអាទិត្យ ឬព្រះច័ន្ទអស់​ ពេល​នោះ​ងងឹត ដោយ​ភាព​ងងឹត​តំណាង​ឱ្យ​សេចក្ដី​ស្លាប់​ ពេល​ណែន​ពោះ​ខ្ជាក់​មក​វិញ​ ឬ​មាន​ពន្លឺ​វិញ​ គឺ​តំណាង​ឱ្យ​ការ​ កើត​ ឡើងវិញ។ បើ​តាម​ប្រសាសន៍​ សាស្ត្រាចារ្យ អាំង ជូលាន ដែល​ជា​នរវិទូម្នាក់​ បាន​រក​ឃើញ​ថា​ បើយើង​ពិនិត្យ​ឱ្យ​ល្អិតល្អន់  ស្ទើតែគ្រប់​ចម្លាក់ ឬគំនូររាហូទាំង​នោះ​ បើត្រលប់រូបចម្លាក់​១៨០ដឺក្រេ យើង​អាចឃើញរូបរាហូដែល​បញ្ច្រាសនោះ​មួយ​ទៀត ត្រង់​នេះ​លោក​សាស្ត្រាចារ្យ​យល់​ថា​ គំនិត​របស់​ខ្មែរ ឬ​ជា​ងចម្លាក់ក្ដី ជាងគំនូរក្ដី យល់​ន័យរបស់រាហូ​ពោល គឺតំណាងឱ្យ​ស្លាប់ និង​កើត​ឡើងវិញ​។

ចំពោះ​ពាក្យ​ថាដែល​ហៅ​ថា ​ព្រះកាល និយាយ​ឱ្យ​ងាយយល់​ កាល​ សំដៅដល់​ ពេល ឬពេលវេលា ដែល ​ពេល​ បញ្ជាក់​ ពី យប់ និង​ថ្ងៃ​ តំណាង​ឱ្យ​ភាព ងងឹត និង ​ភ្លឺ ​ជា​ដំណើរ​ទៅ​មក​ ហៅថា វដ្ដ ដែល​កើត​ឡើង​មិន​ចេះចប់​ បើ​ប្រៀប​មក​មនុស្ស​យើង​ ជាពិសេសនៅ​ក្នុង​ន័យ​ជំនឿ​គឺ ស្លាប់​ហើយ កើត​ ឡើងវិញ ដែល​ចេះ​តែ​បន្ត​មិន​ចប់​មិន​ហើយ​៕

ដូនតាខ្មែរមានចំនេះខ្ពង់ខ្ពស់ក្នុងបរមត្ថវិទ្យាដែលយល់ស៊ីជម្រៅពីច្បាប់ធម្មជាតិ ឬដំណើរវិលជុំរបស់ចក្រវាឡ។ បាតុភូតធម្មជាតិទាំងឡាយត្រូវបានដូនតាបំលែងជាសាច់រឿងតាក់តែងជាគាថា ឲ្យស្របតាមច្បាប់សកល បន្សល់នូវប្រស្នាតាមភាសាថ្ម ទុកកំដរមនោសញ្ចេតនាជាតិសាសន៍ខ្មែររួមថែទឹកដីឲ្យត្រូវអត្ថន័យវប្បធម៌មហានគរ៕

Share.