ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១៖២០នាទីទៀបភ្លឺមានករណីផ្ទុះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវរហូតដល់វេលាម៉ោង១៩៖៣០នាទីនាថ្ងៃដដែល ទើបឈានដល់នាំខ្លួនបានជនសង្ស័យបាន១នាក់ ឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក Glock បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សារបស់ខ្លួន។

ក្នុងប្រតិបត្តិការណ៍សមត្ថកិច្ចដកហូតវត្ថុតាងបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ១ដើម ម៉ាក GLOCK។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងរៀបចំបញ្ជូនជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ទូច វីច្ឆិកា

Share.