គូឡាឡាំពួរ៖ បុរសម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីដើមឈើដ៏ធំមួយបានបាក់រលំសង្កត់លើរថយន្តចំនួន ១៧គ្រឿងក្នុងទីក្រុងគូឡាឡាំពួ អំឡុងពេលមានផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Bernama របស់ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅតាមបណ្តោយផ្លូវ Jalan Sultan Ismail នៅខាងក្រៅសណ្ឋាគារ Concorde នៅម៉ោងប្រហែល ២:២០នាទីរសៀល។

ក្រៅពីការខូចខាតយានយន្តដែលធ្វើដំណើរឆ្លងកាត់ ដើមឈើដែលដួលរលំក៏បានធ្វើឱ្យខូចខាតដល់ចំណតរថយន្តក្រុង និងផ្លូវរថភ្លើងមួយខ្សែនៅក្នុងតំបន់ផងដែរ។ការ​ខូច​ខាត​ផ្លូវ​រថភ្លើង​ បាន​បង្ក​ឱ្យ​មាន​ការ​រំខាន​ចំពោះ​សេវា​ផ្លូវ​រថភ្លើងជា​បណ្ដោះ​អាសន្ន​ផងដែរ។

នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះម៉ាឡេស៊ី បាននិយាយថា ពួកគេទទួលបានការជូនដំណឹងពីឧបទ្ទវហេតុនេះនៅម៉ោង ២:១៩នាទីរសៀល ហើយបានបញ្ជូនមន្ត្រីរបស់ខ្លួនចំនួន ២៧នាក់ទៅកាន់កន្លែងកើតហេតុ។

នាយកដ្ឋាន​បាន​បន្ត​ថា​៖ «​ពេល​ទៅ​ដល់​ទីតាំង​ក្រុម​ការងារ​រាយការណ៍​ថា មាន​ដើមឈើ​ធំ​មួយ​ដើម​បាន​រលំ​លើ​ផ្លូវ ហើយបានសង្កត់លើរថយន្ត​១៧​គ្រឿង និង​ខូចខាត​ផ្លូវ​រថភ្លើងលើអាកាស​នៅ​ទីតាំង​នោះ ហើយ​ដើមឈើ​រលំ​ក៏​បណ្តាល​ឱ្យ​ខូចខាត​សម្ភារ​លើដងផ្លូវសាធារណៈ រួម​ទាំង​ចំណត​រថយន្ត​ក្រុង​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ទីក្រុង​គូឡាឡាំពួរ»។

ក្នុងប្រិតបត្តិការនោះ ជនរងគ្រោះ ២នាក់ ត្រូវបានយកចេញពីរថយន្តដែលរងការខូចខាតក្នុងឧបទ្ទវហេតុខាងលើ ដោយជនរងគ្រោះទី១ មានអាយុ ៤៧ឆ្នាំ ក្រោយមកត្រូវបានមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា បានបាត់បង់ជីវិត ចំណែកជនរងគ្រោះទី២ អាយុ ២៦ឆ្នាំ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

ប្រភព៖ CNA

Share.