កេនយ៉ា៖ រដ្ឋាភិបាលប្រទេសកេនយ៉ា បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនមនុស្សដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសកេនយ៉ាចាប់តាំងពីខែមីនា បានកើនឡើងដល់ ២៣៨នាក់ ហើយមនុស្ស ៧៥នាក់ទៀតនៅតែបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Isaac Mwaura បាននិយាយថា មនុស្ស ៨នាក់ទៀតបានបាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ដ៏ខ្លាំង ក្នុងរយៈពេល ២៤​​ម៉ោងចុងក្រោយនេះ។

លោក Mwaura បាននិយាយថា គ្រួសារចំនួន ៤៧,០០០គ្រួសារ ត្រូវបានជម្លៀសចេញ ខណៈមនុស្សសរុបចំនួន ២៨៦,០១១នាក់ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទូទាំងប្រទេស។

លោក​ថា រដ្ឋាភិបាល​ប្ដេជ្ញា​ការពារ​អាយុ​ជីវិត​អ្នក​ដែល​រង​ផល​ប៉ះពាល់ ហើយ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​រៀបចំ​ផ្ទះ​សម្រាប់​ទទួល​ជន​ភៀស​ខ្លួន។

ទន្ទឹមនឹងនោះ ផ្នែកខ្លះនៃប្រទេសនេះ នៅតែត្រូវបានកាត់ផ្តាច់ និងមិនអាចចូលទៅដល់បាន បន្ទាប់ពីផ្លូវ និងស្ពានត្រូវបានទឹកជន់លិច ធ្វើឱ្យអ្នកស្រុករាប់ពាន់នាក់ទទួលរងផលប៉ះពាល់ដល់អាជីវកម្មនៅទូទាំងប្រទេស និងបង្ខំឱ្យមានការពន្យារពេលមិនកំណត់នៃការបើកសាលារៀនឡើងវិញ។

លោក Mwaura បានណែនាំដល់មនុស្សទាំងអស់ដែលរស់នៅតាមច្រករបៀងមាត់ទន្លេ និងក្នុងរង្វង់ ៣០ម៉ែត្រនៃទន្លេទូទាំងប្រទេស ឱ្យចាកចេញជាបន្ទាន់ ឬត្រូវដកចេញដោយបង្ខំ។ លោកបានបន្ថែមថា «គ្មាននរណាម្នាក់នឹងត្រឡប់ទៅតំបន់មាត់ទន្លេក្នុងរង្វង់ ៣០ម៉ែត្រទេ»។

យ៉ាងណាម៉ិញ មន្ត្រីរូបនេះបានរំលឹកឡើងវិញថា ក្រុមទីភ្នាក់ងារចម្រុះត្រូវបានដាក់ពង្រាយ និងកំពុងជួយធ្វើការជួយសង្គ្រោះ និងចែកចាយស្បៀងអាហារ ដល់ប្រជាជនដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ៕

ប្រភព៖ Xinhua

Share.