ភ្នំពេញ ៖ បុរសជាជាងជួសជុលរថយន្តម្នាក់រងរបួសធ្ងន់ បាក់ដៃស្តាំ ចំណែកបុរសម្នាក់ទៀតជាគ្រូបង្រៀន រងរបួសស្រាលជើងស្តាំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូស្កុបពីជិះលឿនហ្វ្រាំងមិនទាន់ ជ្រុលបុកជាមួយម៉ូតូហុងដាឌ្រីមកំពុងឆ្លងផ្លូវ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1B-7790 ជិះដោយឈ្មោះ ឃឹម ធារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅ ក្បែរកន្លែងកើតហេតុ រងរបួសជើងស្តាំស្រាល ។ភាគីខាងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GV-1016 ជិះដោយឈ្មោះ សុខុម បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូជាងជួសជុលរថយន្ត ជិះពីជើងទៅត្បូង ដល់ចំណុចកើតហេតុហ្វ្រាំងមិនទាន់ជ្រុលបុក ជាមួយម៉ូតូគ្រូបង្រៀន កំពុងឆ្លងផ្លូវចូលផ្ទះ ពីកើតទៅលិច បណ្តាលឱ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង២គ្រឿង នគរបាលវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.