សិល្បៈ​អន្តរជាតិ​៖ ភាពយន្ត​ដ៏មាន​ប្រជាប្រិយភាព​ និង​កំពុង​ល្បីល្បាញ​របស់​ហុងកុងរឿង The Queen of News ឬ​ រាជនីសារព័ត៌មាន​ បាន​ចាក់​បញ្ចាំង​ជា​ស្ថាពរហើយ​នៅ​លើ​ឆាណែល​យូធូប TVB Cambodia យ៉ាងណា​មិញ​ភាគ​ដ៏ល្បីល្បាញ​របស់ហុងកុងនេះ​ នៅ​បន្សល់ចម្ងល់​ខ្លះ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សង្ឃឹម​ថា​នឹងមាន​វគ្គទីពីរ​ជាក់ជាមិន​ខាន។ មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទន្ទឹងរងចាំ​យូរ​ផលិតករ​ ឆុង ឆឹង Chung Cheng បាន​ធ្វើ​ការងារ​យ៉ាង​ស្អិតល្មួតជាមួយ​ក្រុម​ការងារសរសេរ​ស្គ្រីប​ដើម្បីពន្លឿន​លើ​ការងារ​ផលិត ដោយ​គេ​រំពឹង​ថា​វគ្គ​ទីពីរ អាច​នឹង​ចាប់​ផ្ដើម​ថតនៅ​ចុង​ឆ្នាំ​២០២៤ ឬ​ដើម​ឆ្នាំ​២០២៥ខាងមុខ​នេះ​។

យោង​តាម​សារព័ត៌មាន​ចិន​ នៅ​ក្នុងសន្នសីទ​​កម្មវិធី 2024 Hong Kong International Film and TV Market (Film Mart) តារាសម្ដែង​ Kenneth Ma, Bosco Wong និង​ Samantha Ko បាន​ចូលរួម​ ដើម្បី​ប្រូម៉ូតផ្សព្វផ្សាយ​វគ្គទីពីរ​នៃភាពយន្ត The Queen of news2។ ត្បិត​អវត្តមាន បងមែនឬCharmaine Sheh មក​ចូលរួម​កម្មវិធី​ដោយ​ផ្ទាល់ តែ​តារា​ស្រី​ឆ្នើម​រូប​នេះ​បាន​ថត​វីដេអូ​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​​ភាពយន្ត​វគ្គ​ទីពីរ​នេះ​។

ផលិតករ​ភាពយន្ត​ខាង​លើ​បាន​បញ្ជាក់​ថា វគ្គទីពីរ​ គឺជាវគ្គ​តភាគ​នៃ​វគ្គ​ទីពីរ ដែល​នឹង​ដើរ​តាម​សាច់​រឿង​ចាស់ និង​តួអង្គ​ដដែល​ « តួអង្គ​ទាំងអស់​បាន​កក់ទុក​ពេលវេលា​ពួក​គេ​ដើម្បីថត​ភាពយន្តភាគ​នេះ​នៅចុងឆ្នាំ​២០២៤​នេះ​។ ពួកយើង​គ្រាន់តែ​រងចាំ​ឱ្យ​ស្គ្រីបសាច់​រឿង​បញ្ចប់​ប៉ុណ្ណោះ។ » នេះ​គឺជាការ​លើក​ឡើង​របស់​ ផលិតករ ឆុង ឆឹងChung Cheng។ ផលិតករ​បាន​ព្រលយដែរថា​ នឹង​មាន​ថែម​តួអង្គ​ថ្មីៗ​ ដូចជា​ ផូស្កូ​វ៉ង  Bosco Wong ក៏ដូចជាអ្នក​អាន​ព័ត៌មាន​ស្រីពីរនាក់​ទៀត ម្នាក់​ជា​ទេពអប្សរ ចំណែក​ម្នាក់​ទៀត​គឺជា​បិសាច។ ប៉ុន្តែ​បើ​សួរថា​តើ​អ្នក​ណា​នឹង​មក​សម្ដែង​ជា​តួអង្គ​នេះ លោក​នៅ​មិន​ទាន់​ច្បាស់​នៅឡើយទេ តែលោក​សង្ឃឹមថា​នឹង​មាន​តារា​ស្រី​ៗ​ដែល​ចង់​សម្ដែង​ទាក់ទងមក​លោក។ នៅពេល​អ្នក​កាសែត​សួរ​ពី​តារា​ស្រី​ដែល​លោក​ចង់​បាន​ឱ្យ​មក​សម្ដែង​សម្រាប់​តួអង្គ​នោះ​លោក​បាន​ទម្លាយ​ថា​ តួអង្គ​ក្មេង​ ប៉ុន្តែ​លោក​ថា​លោក​នឹង​ប្រមូល​ធាតុចូល​នៃ​តួអង្គ​ជា​សិន​ បន្ទាប់មក​ទើប​លោក​ឱ្យ​តួៗ​មក​សាក​កាមេរ៉ា។ បន្ទាប់​មក​យើង​អាច​នឹង​បន្ថែម​ចំណុច​សំខាន់​ៗ​ចូល​ទៅ​ក្នុង​នោះ​ទៀត​ ខ្ញុំ​ត្រូវការ​ពេលវេលា​ខ្លះ​សម្រាប់​ការងារ​នេះ​។»

ចាប់​តាំង​ពី​ TVB ចុះ​កុង​ត្រា​ជាមួយ​នឹង​ ក្រុមហ៊ុនផ្សព្វផ្សាយ​លើ​អនឡាញ​ដោយ​ទឹក​ប្រាក់​ដ៏មហាសាល​រហូតដល់​៧០០លាន​យាន់ ធ្វើ​ឱ្យ​ TVB មាន​កញ្ចប់​ផលិត​ធំ​ដើម្បី​ផលិត​ភាពយន្ត​ភាគ​ដែល​មាន​គុណភាព​។ ក្រោយ​ពី​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​ភាពយន្ត​ រាជនីសារព័ត៌មាន​ ឬ The Queen of news នៅ​មាន​ភាពយន្ត​ភាគ​ល្បីៗទាំងថ្មី និង​វគ្គ​បន្ត​ជា​ច្រើន​ទៀត​កំពុង​ផលិត​ដើម្បី​ត្រៀម​វាយ​លុកចូលទីផ្សារ​៕

Share.