យោងតាមការបញ្ជាក់របស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជុំវិញកម្មវិធីបំពាក់មេដាយ នឹងប្រគល់ជើងឯក CPL នឹងប្រារព្ធឡើង នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Smart RSN ក្រោយចប់ការប្រកួតរវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង។

យ៉ាងណាមិញឯកឧត្ដម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានថ្លែងថា៖«នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុននេះ នឹងរៀបចំការដង្ហែពានរង្វាន់លីគកំពូលកម្ពុជា និង Hun Sen Cup ទៅកាន់កីឡដ្ឋានខេត្តស្វាយរៀង ព្រមទាំងមានការប្រគំតន្រ្តី និងល្បែងកម្សាន្តនានាផងដែរ»។

គួរដឹងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz បានក្លាយជាម្ចាស់ជើងឯក នៃលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ ទោះបីសល់២ប្រកួតទើបបញ្ចប់រដូវកាលក៏ដោយ។
ក្រោយឆ្លងកាត់២៨ប្រកួត ឈ្នះ២៣ ស្មើ៣ និងចាញ់២ មាន៧២ពិន្ទុ ខណ:លេខ២ ភ្នំពេញក្រោន ឆ្លងកាត់២៨ប្រកួត ឈ្នះ២០ ស្មើ៤ និងចាញ់៤ មាន៦៤ពិន្ទុ។

ខណ:២ប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀង ត្រូវជួបវិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃទី៨ ខែឧសភា និងការប្រកួតចុងក្រោយជួបភ្នំពេញក្រោន នៅកីឡដ្ឋាន Smart RSN នៅថ្ងៃទី១២ ខែឧសភា មុនពិធីបំពាក់មេដាយ និងប្រគល់ជើងឯក នៅទីនោះ។

ក្រៅពីឈ្នះជើងឯក CPL ព្រះខ័នរាជស្វាយរៀង ក៏ជាម្ចាស់ជើងឯក Hun Sen Cup ផងដែរ ក្រោយយកឈ្នះភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ១-០ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ។
នេះគឺជាឈ្នះជើងឯកលីគកំពូលកម្ពុជា លើកទី៣ របស់ព្រះខ័នរាជស្វាយរៀង (2013, 2019, 2023-24) និងជើងឯក Hun Sen Cup លើកទី៥ (2011, 2012, 2015, 2017, 2023-2024)។

ដូច្នេះព្រះខ័នរាជស្វាយរៀង នឹងតំណាងឱ្យកម្ពុជា ទៅប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Club Championship និងទ្វីបអាស៊ី AFC Challenge League នៅឆ្នាំ ២០២៤-២៥៕

Share.