កណ្តាល៖ កំពុងរៀបចំបើកកន្លែងសៃវៀន ជល់មាន់ ស្រាប់តែមានមនុស្សមួយក្រុមជិះរថយន្ត៣គ្រឿង អះអាងថាខ្លួនជាអ្នកការសែត មកគំរាមទាលុយក្បាលឡាន ដល់តថ្លៃគ្នាអត់ត្រូវ​កើតជាហិង្សា ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួន​ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២:១០នាទី ចំណុច ចំការស្វាយ នៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យទាំង០២នាក់ ទី១ឈ្មោះ យូ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ។ (ឃាត់ខ្លួន) (អ្នកបើក)។ ទី២.ឈ្មោះ ទី ភារម្យ ហៅពេទ្យ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង កំពុងគេចខ្លួន។

ក្នុងប្រតិបត្តការណ៍សមត្ថកិច្ចដកហូតវត្ថុតាង មានដូចជា៖ ម៉ូតូសណ្តោងរ៉ឺម៉ក ០១គ្រឿង ,កៅអីជ័រចំនួន០៤ , បង្គោលដែក ចំនួន០៦ដើម , តង់កៅស៊ូ ០១ដុំ, ខ្សែនីឡុង ០១ដុំ , កន្ត្រកសម្រាប់ដាក់មាន់ចំនួន ០៣ , ទូរសព្ទ ០១គ្រឿង ម៉ាក OPPO ពណ៌ខៀវ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២:១០នាទី នៅចំណុចចម្ការស្វាយ ចុះពីផ្លូវបេតុងចម្ងាយប្រហែល ៧០០ម៉ែត្រ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល មានករណីលួចបើកលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ មួយកន្លែង ដោយមានការរប្រើហិង្សាដាក់គ្នា រវាងក្រុមអ្នកលេងជល់មាន់មានគ្នាប្រហែល ៤០នាក់ និងអ្នកសារព័ត៌មានមួយក្រុម ដែលមានគ្នាប្រហែល១០នាក់ ជិះរថយន្តចំនួន០៣គ្រឿង។

ដោយសារក្រុមអ្នកយកព័ត៌មានទាំងនោះបានមកទារប្រាក់ក្នុងឡាន០១គ្រឿង ចំនួន ៥០ម៉ឺនរៀល ប៉ុន្ដែខាងអ្នកបើកលេង ឱ្យចំនួន២០ម៉ឺនរៀល ក្នុង០១ឡាន។ ភ្លាមនោះឈ្មោះ ជាវ គីមលាង មិនព្រមយក ក៏បានស្រែកឡូឡា ដោយបាននិយាយថា ខ្លួនជាចាងហ្វាងប៉ុណ្ណឹងដែរ យក២០ម៉ឺនរៀលទៅធ្វើអី ទាល់តែ ០១ឡាន ៥០ម៉ឺនរៀល បានអញយក។ បន្ទាប់មកក្រុមអ្នកកាសែតបានចាប់យកទូរសព្ទមកធ្វើការថតឡាយ ស្រែកថាលោកស្នងការមើលផង មានកន្លែងបើកលេងជល់មាន់នៅស្រុកល្វាឯម ហើយការដេញវាយគ្នាតែម្ដង ។

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត ឃើញថាទីតាំងកើតហេតុខាងលើនេះ កន្លងមកធ្លាប់មានការលួចបើកលេងល្បែងជល់មាន់ ម្តងរួចមកហើយ ហើយ កម្លាំងសមត្ថកិច្ចក៏ធ្លាប់ធ្វើការចុះបង្ក្រាបផងដែរ ។ លុះមកដល់ថ្ងៃកើតហេតុខាងលើ ក្រុមអ្នកលេងល្បែងជល់មាន់ បានលួចទៅបើកលេងនៅទីតាំងដដែលនេះម្តងទៀត ហើយអ្នកសារព័ត៌មាន ក៏បានចុះទៅដល់ ជួបជាមួយក្រុមអ្នកលេងល្បែងជល់មាន់ ឈានទៅដល់ការប្រើហិង្សាដាក់គ្នា ។

តាមប្រព័ត៌មានបានឱ្យដឹងទៀតថា ក្រុមអ្នកសារព័ត៌មានមួយក្រុមដែលដឹកនាំចុះទៅដោយឈ្មោះ ជាវ គឹមលាង គេហទំព័រគ្រុឌ ០១ មានស្នាក់ការនៅភ្នំពេញ។ ហើយនៅក្នុងហេតុការណ៍ទំនាស់គ្នានៅកន្លែងជល់មាននេះ ក៏មានមកលេងល្បែងជល់មាន់ម្នាក់ត្រូវបានអ្នកសាព័ត៌មាន យកមួកសុវត្ថិភាពទៅវាយចំក្បាល និងខូចខាតម៉ូតូ ។

តាមការបំភ្លឺរបស់ ឈ្មោះ ស៊ិន វឿន ភេទប្រុស អ្នកទៅលេងមាន់ជល់ នៅចំណុចចំការស្វាយ ជិតផ្លូវបេតុង ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម បានឱ្យដឹងថា មុនដំបូងគេឃើញក្រុមអ្នកកាសែត ជិះរថយន្តចំនួន០៣គ្រឿង មានម៉ាកព្រុស (Prius) ចំនួន ០២គ្រឿង និង០១គ្រឿងទៀតមិនស្គាល់ម៉ាក បានចតនៅមុខច្រកចូលកន្លែងជល់មាន់។ បានបន្តិចក៏មានអ្នកការសែត ម្នាក់ឈ្មោះ ជាវ គីមលាង រហ័សនាម គ្រុឌ០១ ជាចាងហ្វាងគេហទំព័រ គ្រុឌ០១ Krud 01 NEWS ដែលពាក់អាវយឺតដៃវែង ពណ៌ស ស្លៀកខោ ពណ៌ខ្មៅ ពាក់ស្បែកជើងកីឡា(ប៉ាត់តា) ពណ៌ប្រផេះ បានស្រែកសួរអ្នកលេងល្បែងជល់មាន់ថា អ្នកណាជាអ្នក ដោះស្រាយរឿងលុយ ពេលនោះ មានបុរស ម្នាក់បានទៅជួបថាឱ្យលុយ ចំនួន២០ម៉ឺនរៀល ក្នុងមួយឡាន តែឈ្មោះ ជាវ គីមលាង មិនព្រមយក ក៏បានស្រែកឡូឡាថា អញចាងហ្វាងប៉ុណ្ណឹងដែរ យក២០ម៉ឺនរៀលទៅធ្វើអី ទាល់តែ ០១ឡាន ៥០ម៉ឺនរៀល បានអញយក។  បន្ទាប់មកក្រុមអ្នកកាសែតបានដកទូរសព្ទមកធ្វើការថតឡាយ ស្រែកថាលោកស្នងការមើលផង មានកន្លែងបើកលេងជល់មាន់នៅស្រុកល្វាឯម ហើយការដេញវាយគ្នាតែម្ដង ។

តាមចម្លើយសារភាពរបស់ឈ្មោះ យូ ពៅ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ឈ្មោះ ពេទ្យ បានតេមកខ្លួនឱ្យរៀបចំសង្វៀនជល់មាន់ក្នុងចម្ការស្វាយ ស្ថិតនៅក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ពេលនោះខ្លួនបានទៅដឹកសម្ភារៈមករៀបចំធ្វើជាសង្វៀនជល់មាន់ មានដូចជាកៅស៊ូតង់ប្រក់ដំបូល ខ្សែគោព័ទ្ធជុំវិញបាញ់ថ្នាំក្រហម និងដាក់កៅអីសម្រាប់អង្គុយមើល ។ រហូតដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ទើបមានអ្នកយកមាន់មកជល់បណ្ដើរ និងចរចារគ្នាតខ្នាយផ្លែដែក ហើយឈ្មោះ យូ ពៅ ក៏បានចេញទៅយកទឹកមករៀបដាក់លក់ ។

លុះបានបន្ដិចក្រោយមកមានអ្នកសារព័ត៌មាន មួយក្រុមចូលទៅថតឡាយ ធ្វើឱ្យអ្នកទៅលេងមាន់ជល់រត់ចេញអស់ ពេលខ្លួនជិះម៉ូតូមកដល់ផ្លូវបេតុង ស្រាប់តែមានរថយន្ដអ្នកសារព័ត៌មាន ០២គ្រឿង ជិះមកកៀរឱ្យដួល ឈប់បិតមុខក្រោយ រួចបានវាយទៅលើឈ្មោះ ពៅ ចំនួន ០៣ដៃ ។ ជុំវិញករណីខាងលើនេះ កម្លាំងជំនាញស្រាវជ្រាវ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.