កណ្តាល៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីបានឌុបក្មេងម្នាក់ មកបន្លំ ចូលលួច កាបូបអ្នកលក់ផ្លែឈើម្នាក់ កាលពីថ្ងៃទី០២​ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្សារព្រែកហូរ នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ សុទ្ធ សុខេង ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ មានទីលំនៅភូមិសង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យមានគ្នា០២នាក់ ៖ ទី១ ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់ឃ្លួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនបាន។ ទី២.ឈ្មោះ ហៅក្រៅត្រេន ភេទប្រុស អាយុ៩ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ទីលំនៅ  កំពុងគេចខ្លួន។

ករណីខាងលើ សមត្ថកិច្ចដកហូតវរត្ថុតាងមាន ម៉ូតូ ០១គ្រឿងម៉ាក Honda Click  ពណ៌ស ស៊េរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JO-5105  របស់ជនសង្ស័យ , អាវរងា ពណ៌សូកូឡា ០១ , ទូរសព្ទ ០១គ្រឿងម៉ាក IPhone , កាបូបស្ពាយ ពណ៌ខ្មៅ ០១, មួកការពារសុវត្ថិភាព ពណ៌ស ០១។

 តាមរបាយការណ៍សមត្ថកិច្ចបាន​ឱ្យដឹងថា  មកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:៣០នាទី នៅពេលជនរងគ្រោះកំពុងជាប់រវល់លក់ផ្លែឈើ ក៏ស្រាប់តែមានជនសង្ស័យ០២នាក់ ដោយម្នាក់រាងចំណាស់ ភេទប្រុស បានជិះម៉ូតូ Honda Click ពណ៌ស ស៊េរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ 1JO-5105 បានឌុបក្មេងប្រុសម្នាក់អាយុ០៩ឆ្នាំ មកទម្លាក់នៅខាងមុខផ្សារព្រែកហូរ ហើយដើរចូលទៅបន្លំលួចកាបូបប្រាក់របស់ជនរងគ្រោះ ហើយយករត់ឡើងម៉ូតូជិះគេចខ្លួនបាត់ទៅ។

 លុះមកដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ តាមរយៈឆែកកាមេរ៉ាសុវត្ថិភាព ឃើញភិនភាគជនសង្ស័យ និងផ្លាកលេខម៉ូតូដែលបានជិះធ្វើសកម្មភាព កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្តាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលជាអ្នកបើកម៉ូតូឌុបក្មេងប្រុសម្នាក់មកទម្លាក់ឱ្យចុះទៅលួចកាបូបជនរងគ្រោះ ព្រមទាំងចាប់យកម៉ូតូរបស់ជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឌុបក្មេងប្រុសម្នាក់ ចូលទៅលួចកាបូបប្រាក់របស់ជនរងគ្រោះប្រាក់កដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.