បង​ប្អូន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឮ​តៗ​គ្នា​នូវ​ពាក្យ​កាត់ CBC នៅ​ពេល​និយាយ​ដល់​ការ​ខ្ចី​ប្រាក់​ធនាគារ និង​បង់​រំលស់​ជាដើម​។ មាន​អ្នកខ្លះ​យល់​ថា CBC ជា​ស្ថាប័ន​គ្រប់គ្រង​ព័ត៌មាន​ឥណទាន​របស់​រដ្ឋ​។

តាម​ពិត CBC ជា​គ្រឹះស្ថាន​ឯកជន​ប្រកប​អាជីវកម្ម​ចែក​រំលែក​ព័ត៌មាន​ឥណទាន​។ គ្រឹះស្ថាន​នេះ​មាន​ឈ្មោះ​ពេញ​ថា Credit Bureau Cambodia ប្រែ​ជា​ខេមរភាសា​ថា ការិយាល័យ​ឥណទាន​កម្ពុជា​។ ក្រុមហ៊ុន​នេះ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ និង​ចាប់​ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​ដំបូង​នៅ​ឆ្នាំ ២០១២​។ បច្ចុប្បន្ន​នេះ មាន​តែ​ក្រុមហ៊ុន CBC តែ​មួយ​គត់ ដែល​ធ្វើ​អាជីវកម្ម​លើ​ការ​ចែករំលែក​ព័ត៌មាន​ឥណទាន ដោយ​ក្រុមហ៊ុន​នេះ​មាន​តួនាទី​ទទួល​ព័ត៌មាន​ឥណទាន​ពី​គ្រឹះស្ថាន​នៅ​ក្រោម​ចំណុះ​ធនាគារ​ជាតិ រៀបចំ​ព័ត៌មាន​ទាំង​នោះ​ទៅ​ជា​របាយការណ៍​ឥណទាន និង​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ស្រប​ទៅ​តាម​ច្បាប់​កំណត់​។

ប្រការ​១៤ នៃ​ប្រកាស​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា​កំណត់​ឲ្យ​គ្រឹះស្ថាន​ចំណុះ​ច្បាប់​ត្រូវ​ចូល​រួម​ផ្ដល់​រាល់​ព័ត៌មាន​ឥណទាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ព្រម​ទាំង​មូលប្បទានប័ត្រ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​គណនី​ទៅ​ក្នុង​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​យ៉ាង​តិច​ម្ដង ក្នុង ១​ខែ​។

គ្រឹះស្ថាន​ចំណុះ​ឲ្យ​ធនាគារ​ជាតិ​មាន​ដូចជា ធនាគារ​ពាណិជ្ជ ធនាគារ​ឯកទេស មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ គ្រឹះស្ថាន​ឥណទាន​ជនបទ និង​គ្រឹះស្ថាន​ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​ផ្សេង​ទៀត​។

ហេតុ​អ្វី​បាន​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​?

យោង​តាម​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ការ​បង្កើត​ក្របខ័ណ្ឌ​និង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ការ​ចែករំលែក​ព័ត៌មាន​ឥណទាន ដើម្បី​លើក​កម្ពស់​ការ​ផ្ដល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​ប្រសិទ្ធភាព​ខ្ពស់ និង​ការ​ប្រកួត​ប្រជែង​ស្មើភាព សំដៅ​កាត់​បន្ថយ​ហានិភ័យ​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​រួម​ចំណែក​ក្នុង​ការ​បង្កើន​បរិយាបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

កាល​ពី​មុន​ឆ្នាំ​ ២០០៦ ធនាគារ​ជាតិ​ធ្លាប់​បង្កើត​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​នេះ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ ដោយសារ​ការ​ចូលរួម​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត និង​ប្រព័ន្ធ​មាន​ភាព​ស្មុគស្មាញ ម្ល៉ោះហើយ​ក៏​សម្រេច​បញ្ចប់​នៅ​ឆ្នាំ ២០០៦​។

រហូត​ដល់​ខែ​ឧសភា ឆ្នាំ ២០១១ ទើប​ធនាគារ​ជាតិ​បាន​ចេញ​ប្រកាស​ស្ដីពី​ការ​ចែក​រំលែក​ព័ត៌មាន​ឥណទាន ដែល​ប្រកាស​នេះ​ហើយ​បាន​បើក​ឱកាស​ឲ្យ​ក្រុមហ៊ុន CBC ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​លើ​ការ​ចែករំលែក​ព័ត៌មាន​ឥណទាន នៅ​ឆ្នាំ ២០១២ រហូត​មក​ដល់​សព្វ​ថ្ងៃ​មាន​តែ​ក្រុមហ៊ុន​នេះ​មួយ​គត់​។

ធនាគារ​ជាតិ ​នៃ​កម្ពុជា​បាន​ចេញ​ប្រកាស​ ស្ដីពី ​ការ​ចែករំលែក​ព័ត៌មាន​ឥណទាន​មួយ​ទៀត​នៅ​ឆ្នាំ ២០២០ ដើម្បី​បំពេញ​បន្ថែម​នូវ​អត្ថន័យ​លើ​ប្រកាស​ចាស់​, តម្រូវ​ឲ្យ​បញ្ចូល​ទិន្នន័យ​មូលប្បទានប័ត្រ​មិន​មាន​ប្រាក់​គ្រប់គ្រាន់ (​សែក​ស្អុយ​) ចូល​ទៅ​ក្នុង​ប្រព័ន្ធ និង​អនុញ្ញាត​ឲ្យ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ឆ្លង​ប្រទេស​បាន ដោយ​តម្រូវ​ឲ្យ​មាន​ការអនុញ្ញាត​ពី​ធនាគារ​ជាតិ​ជា​មុន​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.