ភ្នំពេញ ៖ បុរសម្នាក់រងរបួសបែកក្បាលធ្ងន់ បន្ទាប់ពីបើកម៉ូតូរុឺម៉កលក់ការ៉េម ចុះពីលើស្ពានអាកាស លឿនជ្រុលទៅបុកពីក្រោយរថយន្តធុនធំ បណ្តាលឱ្យក្រឡាប់ កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅក្រោមស្ពានអាកាសវត្តស្លែង លើផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ភួង រស្មី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តកណ្តាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូរុឺម៉កលក់ការ៉េម ម៉ាកហុងដាវ៉េវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1F-0072 តាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ពីជើងទៅត្បូង ដល់គល់ស្ពានអាកាសវត្តស្លែង បើកចុះក្រោមទៅផ្លូវជាតិលេខ៣វិញ ផ្លូវចុះចំណោត ម៉ូតូដឹកធ្ងន់លឿនជ្រុលទៅបុកពីក្រោយរថយន្តធុនធំ បើកពីជើងទៅត្បូង បណ្តាលឱ្យក្រឡាប់រងរបួសធ្ងន់ បែកក្បាល បាក់ដៃ រថយន្តបើករត់គេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចទៅជួយអន្តរាគមន៍លើកម៉ូតូឡើងវិញ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកជនរងគ្រោះ ទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរុឺម៉កសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ក្រាំងពង្រ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.