ភ្នំពេញ ៖ រថយន្តនីសាន់មួយគ្រឿង កំពុងបើកបរត្រូវបានរថយន្តមួយគ្រឿងទៀតបើកកៀរ បណ្តាលឱ្យរេចង្កូតទៅបុកទ្រូងផ្លូវ ប៉ើងខ្ទាតអស់ជាច្រើនកង់ តែមិនបណ្តាលឱ្យរបួសដល់មនុស្ស ។ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-7213 បើកបរដោយបុរសម្នាក់ពីលិចទៅកើត ល្បឿនលឿន ដល់ចំណុចកើតស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀតបើកកៀរ បណ្តាលឱ្យរេចង្កូតទៅបុករះទ្រូងផ្លូវ ប៉ើងខ្ទាតអស់ច្រើនកង់ រថយន្តមិនទាន់អស់ល្បឿន បន្តទៅមុខជាង១០០ម៉ែត្រ ទៅបុកទ្រូងផ្លូវម្តងទៀត ទើបឈប់ស្ងៀម ចំណែករថយន្តមួយគ្រឿងទៀតបើកគេចទៅបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញចាត់ចែងស្ទូចយកទៅរក្សាទុក រង់ចាំដោះស្រាយផលប៉ះពាល់ជាក្រោយ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.