កណ្តាល ៖ រថយន្តចំនួន៤គ្រឿង បើកបុកបន្តគ្នា រងខូចខាតដំណំ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃ០៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ភូមិអន្លង់រមៀតលិច ឃុំអន្លត់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុមានរថយន្តធុនធំ ដឹកអុសមួយគ្រឿង បើកអត់ភ្លើងបំភ្លឺផ្លូវ ភ្លើងក្រោយ ប្រើភ្លើងពិលចុចជាសញ្ញា បត់ឆ្លងផ្លូវ ដោយមិនដឹងថាកន្ទុយរថយន្តវែង ធ្វើឱ្យរថយន្តកូរ៉េឃ្លុបមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-4733 បើកបរដោយឈ្មោះ ហុក ចាន់ទី ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិ លាក់កូន ឃុំកព្ចាំ ស្រុកពារាំង ខេត្តព្រៃវែង បើកពីជើងទីត្បូងជ្រុលបុក រងខូចខាត ហើយកំពុងកើតហេតុបញ្ហាគ្រោះថ្នាក់ ស្រាប់មានរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BM-5232 បើកបរដោយឈ្មោះ ទី សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំបាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកពីជើងទៅត្បូង ជ្រុលបុកកន្ទុយរថយន្តដឹកអុស រងខូចខាតដែរ ស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកកូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-0980 បើកពីជើងទៅត្បូងហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីក្រោយ រថយន្តស្តារិច បណ្តាលឱ្យរងខូចខាត ។

ក្រោយកើតហេតុភ្លាមៗ រថយន្តដឹកអុសបានបន្តបើកចាកចេញទៅបាត់ នៅសល់តែរថយន្តចំនួន៣គ្រឿង នៅកន្លែងកើតហេតុ សមត្ថកិច្ចចុះទៅ ឃើញជាក់ស្តែងសល់តែរថយន្ត៣គ្រឿង ប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.