ស្វាយរៀង ៖ រថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿង បើកលឿនហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយរថយន្តបែនយុីឌុប បណ្តាលឱ្យខ្ទេចកាប៊ីន កៀបរងរបួស៣នាក់ ប្តីប្រពន្ធ និងកូនស្រីអាយុ៦ឆ្នាំ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ក្នុងភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-9724 ដឹកផ្លែឈើពេញរថយន្ត ថែមទាំងចងពីលើ ពីក្រោយ សំពីងសំពោង បើកដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនស្រីអាយុ៦ឆ្នាំ ដឹកចេញពីព្រំដែនវៀតណាម តាមផ្លូវជាតិលេខ១ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយ រថយន្តបែន ប្រភេទយុីឌុប បណ្តាលខ្ទេចរួញកាប៊ីន កៀបជាប់៣នាក់ប្តីប្រពន្ធ និងកូនស្រី របួសធ្ងន់កូនស្រី ឪពុកម្តាយរបួសស្រាល ។

ក្រោយកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយយករថយន្តធំ ជួយទាញ ដើម្បីយកជនរងគ្រោះចេញ ហើយត្រូវបានរថយន្តសង្គ្រោះរបស់បង្អែកស្រុកស្វាយជ្រំដឹកយកជនរងគ្រោះ២នាក់ម្តាយកូនទៅមន្ទីរពេទ្យ ចំណែករថយន្តវិញរងខូចខាតធ្ងន់ ម្ចាស់អ្នកបើកបរ ដឹងពីកំហុសខ្លួនឯង សុំធ្វើការសម្របសម្រួល សុខចិត្តព្យាបាលរបួស ជួសជុលរថយន្តដោយខ្លួនឯង ដើម្បីបញ្ចប់រឿង ខណៈដែលខាងរថយន្តធំមិនមានខូចខាត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.