ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅលើម៉ូតូកង់បី ចតឈប់នៅចិញ្ចើមផ្លូវ បង្កឱ្យភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លើចិញ្ចើមផ្លូវលេខ១២៨ មុខហាងកែសម្ផស្ស ក្នុងភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ខាន់ សិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅតាមម៉ូតូកង់បី មានទីលំនៅភូមិធំ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមប្រភពពីអ្នករត់ម៉ូតូកង់បីជាមួយគ្នាបានឱ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះចងអង្រឹងដេកសម្រាកនៅលើម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IC-7132 ដែលចតនៅលើចិញ្ចើមផ្លូវលេខ១២៨ មុខហាងកែសម្ផស្ស ជជែកគ្នាលេងជាមួយអ្នករត់ម៉ូតូកង់បីផ្សេងទៀត ហើយលង់លក់រៀងខ្លួនអស់ទៅ ស្រាប់តែដល់ព្រឹកឡើងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ មិនឃើញជនរងគ្រោះភ្ញាក់សោះ ដេកយូរជាងគេ ក៏ទៅហៅដាស់ ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងអង្រឹង ដែលចងលើម៉ូតូកង់បី ។

បន្ទាប់ពីកើតហេតុហេតុការណ៍បែបនេះ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សមត្ថកុច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយគាំងបេះដូង ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ៖ សេង សាវី

Share.