ព្រះសីហនុ ៖ បុគ្គល២នាក់បន្លំគ្រងស្បង់ចីវរ ធ្វើជាព្រះសង្ឃដើរអង្គាសបច្ច័យ តាមមូលដ្ឋាន ទីសាធារណៈ ឃើញខុសប្រក្រតី សង្ស័យជាសង្ឃក្លែងក្លាយ ត្រូវបានអាជ្ញាធរ សហការជាមួយព្រះមេគុណ ចុះទៅឃាត់បានម្នាក់ គេចខ្លួនបាត់ម្នាក់ រួចនាំយកទៅធ្វើការអប់រំ កិច្ចសន្យា បញ្ឈប់ប្រព្រឹត្តបន្លំបែបនេះទៀត កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនក្លែងបន្លំមានឈ្មោះ អាន កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

តាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋរាយការណ៍ មានព្រះសង្ឃ២អង្គដើរនិមន្តរៃអង្គាសបច្ច័យ បិណ្ឌបាត ក្នុងមូលដ្ឋាន ខុសវេលា ខុសប្រក្រតី តាមទីសាធារណៈ ក្នុងមូលដ្ឋាន ស្រុកព្រៃនប់ ទើបកម្លាំងអាជ្ញាធរ សហការជាមួយព្រះមេគុណខេត្ត តាមស្វែងរក តែបុគ្គលខាងលើដឹងខ្លួនទាន់ គេចខ្លួនបាត់ម្នាក់ សល់ម្នាក់ឃាត់សាកសួរ ទើបសារភាព បន្លំគ្រងស្បង់ចីវរ ធ្វើជាព្រះសង្ឃ ដើររៃអង្គាសបច្ច័យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។

ជនក្លែងបន្លំខាងលើ ធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា បន្ទាប់ពីឃាត់ខ្លួនបាននាំយកទៅធ្វើកិច្ចសន្យា បញ្ឈប់នូវសកម្មភាពដើររៃអង្គាស ដោះស្បង់ចីវររួចអនុញ្ញាតិឱ្យវិលត្រឡប់ទៅវិញ ក្នុងករណីមិនរាងចាល ចាប់បានប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.