ខេត្តព្រះសីហនុ ៖ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថាននិងការបម្រែបម្រួលអាកាសធាតុរដ្ឋបាលខេត្តព្រះសីហនុគ្រោងដាំកូនក្ងោកតាមបណ្ដោយផ្លូវជាលេខ ៤ ពី រង្វង់មូលចូលព្រលានយន្តហោះអន្តរជាតិរហូតដល់មុខកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ។


ជាក់ស្ដែងនៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ ២០២៤ នេះលោក គង់ វិតាណៈ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងនិងសិក្សាអំពីផលប៉ះពាល់នៅតាមបណ្ដោយផ្លូវរួមមានលោក នេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរប្រៃសណីយ៍ អង្គភាពរដ្ឋាករទឹកនិងអង្គភាពអគ្គិសនី។


ជុំវិញការដាំដើមឈើដើម្បីលម្អសោភ័ណភាពនិងបរិស្ថាននៅតាមបណ្ដាផ្លូវនានាក្នុងក្រុងព្រះសីហនុនេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្មដែលបានខិតខំថែទាំដើមឈើ មានដូចជា ស្រោចទឹក ដាក់ជី ការដាំដុះ ជួសឡើងវិញនូវដើមឈើដែលបានងាប់ ការកាច់បំផ្លាញ និងគ្រោះថ្នាក់ចរាចរណ៍បុកដួលដើមឈើនៅតាមដងផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុនារដូវប្រាំងនេះ   ដែលមានកូនឈើចំនួន ៨មុខនៅតាមដងផ្លូវសំខាន់ក្នុងក្រុង ហើយនៅពេលខាងមុខ យើងនឹងត្រូវបន្តការដាំកូនក្ងោកនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលជិតព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ រហូតមកដល់កំពង់ផែក្រុងព្រះសីហនុ ដែលគ្រោងដាំកូនក្ងោកជាង ៦ពាន់ដើម ហើយជំហានដំបូងគឺដាំជាង ៣ ពាន់ផ្ដើមដែលចាប់ផ្ដើមពីច្រកចូលផ្លូវល្បឿនលឿនដល់កំពង់ផែក្រុងព្រះសីហនុដែលនឹងចាប់ផ្ដើមដាំនៅថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២៤ខាងមុខ។


ដូច្នេះគ្រប់មន្ទីរ អង្គភាព និងកងកម្លាំងរបស់យើងត្រៀមរៀបចំចូលរួមដាំកូនក្ងោកទាំងអស់គ្នា ដើម្បីចូលរួមលើកកម្ពស់សោភណ័ភាព បរិស្ថានឲ្យកាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត៕
 អត្ថបទ៖ព្រះសីហនុ

Share.