ត្បូងឃ្មុំ៖ ក្រៅពីមុខរបរធ្វើស្រែចំការ កសិករក្នុងភូមិព្រែកតូច ឃុំជីរោទិ៍១ ស្រុក/ខេត្តត្បូងឃ្មុំ ។ បានឆ្លៀតចិញ្ចឹមកណ្តូបលក់ រកប្រាក់មកផ្គត់ផ្គង់គ្រួសារពួកគាត់ ព្រោះកណ្តូងងាយចិញ្ចឹមវាស៉ីស្មៅជាអាហារ ហើយប្រើរយៈពេលខ្លីតែ៤៥ថ្ងៃ យើងអាចប្រមូលផលហើយជាមួយនឹងតម្លៃ៤ម៉ឺនរៀលក្នុង១គីឡូក្រាម ឬអាចលក់ពងពូជសម្រាប់ភ្ញាស់ក្នុង១គីឡូក្រាមតម្លៃ២០០ដុល្លារឯណោះ។ កណ្តូបមិនពិបាកលក់ទេ ព្រោះគេអាចយកវាធ្វើជាម្ហូបជាមួយបាយ លីង បំពងយ៉ាងឆ្ងាញ់ពិសារគុណភាពមិនចាញ់ចង្រិតឡើយ ។ កត្តាទាំងអស់នេះ វាបានញាំងឱ្យគ្រួសារពួកគាត់មានជីវភាពល្អប្រសើរគួរឱ្យកត់សម្គាល់។

លោក លី ព្រី អាយុជិត៤០ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុក/ខេត្តត្បូងឃ្មុំបានឱ្យដឹងថា គាត់បានចិញ្ចឹមកណ្តូបនេះរយៈពេលជិតកន្លះឆ្នាំមកហើយ ដោយទៅរៀនបច្ចេកទេសចិញ្ចឹមពីខេត្តបាត់ដំបង គឺចិញ្ចឹមពូជកណ្តូប ប៉ាឡាំងហ្គា វាងាយចិញ្ចឹមណាស់ កសិករប្រើពេលតែ៤៥ថ្ងៃ យើងចាប់ប្រមូលផលហើយ វាស៉ីស្មៅ ត្រេង ស្លឹកដូង ស្លឺកចេក នឹងស្លឹកឈើខ្ចីជាអាហារ ពិសេសវាធននឹងអាកាសធាតុ មិនពិបាកចិញ្ចឹមនោះទេ។ ដើម្បីឱ្យរឹតតែងាយស្រួល យើងដាំស្មៅឱ្យវាស៉ីជាអាហារ ចិញ្ចឹមដាក់ក្នុងមុង ដែលក្នុង១មុងអាចដាក់បាន៣គីឡូក្រាមពង ហើយយើងប្រមូលផលបានមិនក្រោម៧០គីឡូក្រាមកណ្តូបធំនោះទេ គ្រួសារគាត់ចិញ្ចឹមបាន៣មុងដែរ ទីផ្សារក្នុងស្រុកមិនពិបាកលក់ទេ សំខាន់ឱ្យតែយើងផលិតបាន។ ក្នុងនោះ យើងអាចលក់ពងពូជសម្រាប់ភ្ញាស់ក្នុង១គីឡូក្រាមតម្លៃ២០០ដុល្លារ ផលនៃការងារនេះ យើងអាចដោះស្រាយជីវភាពគ្រួសារបាន។

លោក លី រូល ជាមេភូមិព្រែកតូចបានឱ្យដឹងដែរថា ក្នុងភូមិមានកសិករចិញ្ចឹមចំនួន៥គ្រួសារដែរ ការចិញ្ចឹមឃើញថា កសិករមានការីកចំរើនព្រោះតំបន់នេះ មានអំណោយផលពីធម្មជាតិណាស់ សម្បូរណ៍ចំណីព្រោះជាតំបន់ព្រៃរនាម អាកាសធាតុល្អ គាត់បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ អំពីសារៈប្រយោជន៍ដ៏សំខាន់នេះ ព្រោះវាបានផ្តល់ចំណូលសម្រាប់អភិវឌ្ឍន៍គ្រួសារពួកគាត់ឲ្យប្រសើរឡើង។ មិនមានអ្វីពិបាកទេ ដោយសារមានការបង្រៀន និងផ្តល់បច្ចេកទេសពីអ្នកដែលបានចិញ្ចឹមខាងលើនេះស្រាប់ ។ បងប្អូនយើងមានចំណាប់អារម្មណ៍ក្នុងរបរនេះណាស់ នឹងអាចមានកសិករក្នុងភូមិចិញ្ចឹមជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ សាន វីឡែម

Share.