ប៊ុយដាប៉ែស៖ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកាន់ប្រទេសស៊ែប៊ី ប្រធានាធិបតីចិន លោក Xi Jinp​ing បានទៅដល់ទីក្រុង Budapest នៅថ្ងៃពុធ សប្ដាហ៍នេះ ដែលជាដំណើរទស្សនកិច្ចជើងចុងក្រោយនៃដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបរបស់លោក ក្នុងគោលបំណងពង្រឹងទំនាក់ទំនងដែលកំពុងរីកចម្រើន ស្រាប់ទៅហើយ រវាងទីក្រុងប៉េកាំង និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។​

ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ របស់លោក Xi ទៅកាន់ប្រទេសហុងគ្រី គឺធ្វើឡើងចំពេលនៃការប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ដោយមេដឹកនាំចិន ត្រូវបានគេរំពឹងថា នឹងចូលរួមពិធីជប់លៀងថ្នាក់រដ្ឋជាមួយនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban នាល្ងាចនៅថ្ងៃពុធ សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក)។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ទៅតំបន់អឺរ៉ុប បានចាប់ផ្តើមពីប្រទេសបារាំង ដែលជាដំណើរទស្សនកិច្ចប្រកបដោយភាពស្និទ្ធស្នាល ប៉ុន្តែក៏បានលើកឡើងពីភាពតានតឹងរវាងទីក្រុងប៉េកាំង និងសហភាពអឺរ៉ុបជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងពាណិជ្ជកម្មពិភពលោកផងដែរ។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក Xi បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ស៊ែប៊ី និងបន្ដដំណើរទៅកាន់​ប្រទេស​ហុងគ្រី​ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទាំង​រុស្ស៊ី និង​ចិន។

ប្រទេសចិន បានចំណាយប្រាក់រាប់ពាន់លានចូលទៅក្នុងប្រទេសស៊ែប៊ី និងប្រទេសជិតខាងនៅតំបន់បាល់កង់ ជាពិសេសចូលទៅក្នុងការជីកយករ៉ែ និងការផលិត ហើយកាលពីឆ្នាំមុនទីក្រុងប៉េកាំង និងរដ្ឋធានីបែលក្រាដ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ៕

ប្រភព៖ CNA

Share.