ស្វាយរៀង ៖ បុរសម្នាក់រងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូហុងដាឌ្រីមជិះលឿនជ្រុលទៅបុកពីក្រោយរថយន្ត ខ្ទាតទៅបុកពីក្រោយម៉ូតូNOUVO កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥៩-១៦០ ក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ភាគីហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1U-4809 ជិះដោយឈ្មោះ ម៉ាណា ខ្នែត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ចំណែកភាគីម៉តូមួយគ្រឿងទៀត ម៉ាកNOUVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខវៀតណាម 59.D1 422.56 ជិះដោយបុរសម្នាក់ជនជាតិវៀតណាម ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីមល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្ត ខ្ទាតទៅបុកពីក្រោយម៉ូតូNOUVOជិះដោយជនជាតិវៀតណាម បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង ចំណែកជនជាតិវៀតណាមរបួសស្រាល រីឯរថយន្តមិនបានឈប់ បន្តដំណើរទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ ហើយក្រុមគ្រួសារសុំធ្វើការសម្របសម្រួលជាមួយភាគីជនជាតិវៀតណាម ព្រមព្រៀងគ្នា យកម៉ូតូទៅជួសជុលរៀងខ្លួន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.