ព័ត៌មាន​ឥណទាន ដែល​បញ្ជូន​ទៅ​ក្នុង​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន ត្រូវ​បាន​រៀបចំ​ជា​របាយការណ៍​លម្អិត​អំពី​ព័ត៌មាន​ទាំងអស់​នោះ​រួមមាន​៖ ព័ត៌មាន​ទូទៅ​អតិថិជន​/​ក្រុមហ៊ុន​, សង្ខេប​ប្រវត្តិ​ឥណទាន​, ប្រវត្តិ​នៃ​ការ​ឆែក​របាយការណ៍​ឥណទាន​, ព័ត៌មាន​លម្អិត​លើ​គណនី​ឥណទាន​នី​មួយៗ​, ព័ត៌មាន​មូលប្បទានប័ត្រ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​, ព័ត៌មាន​មុខរបរ និង​ចំណូល​អតិថិជន​/​ម្ចាស់​ភាគហ៊ុន​។

តាម​ការ​ពន្យល់​របស់​ក្រុម​ការងារ CBC នៅ​ក្នុង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី ប្រតិបត្តិការ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ដែល​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា និង CBC ជា​ទូទៅ​អ្នក​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ឆែក​ព័ត៌មាន​ឥណទាន​របស់​អតិថិជន គឺ​អតិថិជន​ខ្លួនឯង​ផ្ទាល់ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដូច​ជា​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជាដើម ដែល​នៅ​ក្រោម​ចំណុះ​ធនាគារ​ជាតិ​។ ការ​ឆែក​ព័ត៌មាន​ឥណទាន​របស់​អតិថិជន ធ្វើ​ឡើង​ទៅ​បាន​លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​អតិថិជន និង​ត្រូវ​រក្សា​ការ​សម្ងាត់​បំផុត​។

យោង​តាម​ប្រកាស​ធនាគារ​ជាតិ គ្រឹះស្ថាន​ចំណុះ​ច្បាប់​ទាំង​អស់​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ដើម្បី​វិភាគ​លើ​ឥរិយាបថ​នៃ​ការ​សង​ប្រាក់​របស់​អតិថិជន និង​អ្នក​ធានា នៅ​ពេល​ដែល​គ្រឹះស្ថាន​ចំណុះ​ច្បាប់ នេះ​ទទួល​បាន​ពាក្យ​សុំ​ខ្ចី​ប្រាក់​ថ្មី ឬ​ពាក្យ​សុំ​បន្ត ឬ​ពន្យារ​ឥណទាន​ចាស់​ដោយ​មិន​គិត​ពី​ទំហំ​នៃ​ឥណទាន​ឡើយ​។

ប្រកាស​ដដែល​ក៏​បាន​បញ្ជាក់​ថា អតិថិជន​មាន​សិទ្ធិ​ស្នើ​សុំ​របាយការណ៍​ព័ត៌មាន​របស់​ខ្លួន ១ច្បាប់​ម្ដង ក្នុង ១ឆ្នាំ ដោយ​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់​។ អ្នក​ផ្ដល់​សេវា​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ត្រូវ​ផ្ដល់​របាយការណ៍​ជូន​អតិថិជន ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈពេល​យ៉ាង​យូរ ៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើ​ការ គិត​ចាប់​ពី​ថ្ងៃ​ទទួល​សំណើ​។

អតិថិជន​អាច​ស្នើ​សុំ​របាយការណ៍​លើស​ពី​ម្ដង​ក្នុង ១​ឆ្នាំ ប៉ុន្តែ​ត្រូវ​បង់​កម្រៃ​តាម អត្រា​កំណត់​ដោយ​អ្នក​ផ្ដល់​សេវា​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​។ អតិថិជន​មាន​សិទ្ធិ​ស្នើ​សុំ​កែ​ប្រែ​ព័ត៌មាន ដែល​មិន​ត្រឹមត្រូវ ឬ​មិន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ពេល​ណា​ក៏​បាន​។ នីតិវិធី​លម្អិត​អំពី​សិទ្ធិ​អតិថិជន​អាច​រក​បាន​ពី​អ្នក​ផ្ដល់​ទិន្នន័យ និង​អ្នក​ផ្ដល់​សេវា​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ទាំង​អស់​ដោយ​ផ្ទាល់ ឬ​តាម​គេហទំព័រ​របស់​អ្នក​ទាំង​នោះ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.