នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ប្រតិបត្តិការ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ដែល​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា និង CBC អ្នក​ជំនាញ​របស់ CBC បាន​ពន្យល់​អំពី​គន្លឹះ​សំខាន់​ក្នុង​ការ​កសាង​ប្រវត្តិ​ឥណទាន​ល្អ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ដាក់​ស្នើ​កម្ចី​ទៅ​កាន់​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ នៅ​ពេល​អ្នក​ត្រូវ​ការ​ប្រាក់​។ គន្លឹះ​សំខាន់ៗ​ទាំង​នោះ​រួម​មាន​៖

. ស្នើ​សុំ​ត្រួត​ពិនិត្យ​របាយ​ការ​ឥណទាន​ជា​ប្រចាំ

យោង​តាម​ប្រកាស​របស់​ធនាគារ​ជាតិ អតិថិជន​មាន​សិទ្ធិ​ស្នើ​សុំ​របាយការណ៍​ព័ត៌មាន​របស់​ខ្លួន ១ច្បាប់​ម្ដង ក្នុង ១ឆ្នាំ ដោយ​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់​។ អ្នក​ផ្ដល់​សេវា​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ត្រូវ​ផ្ដល់​របាយការណ៍​ជូន​អតិថិជន ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈពេល​យ៉ាង​យូរ ៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើ​ការ គិត​ចាប់​ពី​ថ្ងៃ​ទទួល​សំណើ​។ នៅ​កម្ពុជា​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​លើ​ការ​ចែករំលែក​ព័ត៌មាន​ឥណទាន​មាន​តែ CBC មួយ​គត់​។ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​កម្មវិធី​ទូរស័ព្ទ (Mobile App) CBC Mobile ដើម្បី​ស្នើ​សុំ​របាយការណ៍​ឥណទាន​ពី​ក្រុមហ៊ុន​នេះ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ​ដោយ​មិន​គិត​ថ្លៃ​។

អ្នក​ជំនាញ​របស់ CBC ថា បើ​ទោះបី​ជា​អ្នក​អាច​បង់​ប្រាក់ ដើម្បី​ទាញ​របាយការណ៍​ឥណទាន​បាន​ក៏ដោយ ក៏​មិន​គួរ​ឆែក​ញឹកញាប់​ពេក​នោះ​ទេ ព្រោះ​វា​អាច​ជាប់​ព័ត៌មាន​មិន​សូវ​ល្អ​។ ល្អ​បំផុត ២​ដង​ក្នុង​មួយឆ្នាំ​។

. ពិនិត្យ​មើល​ភាព​ត្រឹមត្រូវ​លើ​របាយការណ៍​ឥណទាន​របស់​ខ្លួន

ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​របាយការណ៍​ឥណទាន​របស់​ខ្លួន ដើម្បី​ធានា​ថា​ព័ត៌មាន​ដែល​បាន​បញ្ជូន​ទៅ​ឲ្យ​អ្នក​ផ្ដល់​សេវា​ចែករំលែក​ព័ត៌មាន​ឥណទាន ដូចជា CBC ជា​ដើម ត្រឹម​ត្រូវ​។ អ្វី​ដែល​ត្រូវ​ពិនិត្យ​មើល​មាន​៖ ចំនួន​កាត​ឥណទាន ចំនួន​ឥណទាន និង​ចំនួន​ប្រាក់​កម្ចី, ព័ត៌មាន​លម្អិត​នៃ​ការ​បង់​សង​ទាន់​ពេល​វេលា​, ប្រវត្តិ​នៃ​ការ​បង់​សង​, តុល្យភាព​ដែល​ត្រូវ​បង់​សង​, គណនី​ដែល​បាន​បិទ និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​។

. ប្រសិនបើ​មាន​ភាព​មិន​ត្រឹមត្រូវ ត្រូវ​ដាក់​ពាក់​ស្នើ​សុំ​កែ​តម្រូវ

នៅ​ពេល​អ្នក​ពិនិត្យ​មើល​ឃើញ​មាន​ព័ត៌មាន​មិន​ត្រឹមត្រូវ ឬ​ភាព​មិន​ប្រក្រតី​ណាមួយ នៅ​លើ​របាយការណ៍​ឥណទាន​របស់​ខ្លួន អ្នក​ត្រូវ​ដាក់ពាក្យ​ស្នើ​សុំ​កែ​តម្រូវ​ទៅ​កាន់​អ្នក​ផ្ដល់​សេវា​ចែក​រំលែក​ព័ត៌មាន​ឥណទាន (CBC)​។

. គួរ​បង្កើត​ប្រវត្តិ​ឥណទាន

អ្នក​ជំនាញ CBC ថា គួរ​តែ​បង្កើត​ប្រវត្តិ​ឥណទាន ពោល​គឺ​ខ្ចី​ប្រាក់​ពី​ធនាគារ​ក្នុង​ចំនួន​សមស្រប និង​គោល​ដៅ​ណាមួយ ហើយ​បង់​សង​វិញ​ឲ្យ​បាន​ទៀងទាត់​ល្អ​។ ប្រសិន​បើ​អ្នក​មិន​មាន​ប្រវត្តិ​ឥណទាន​សោះ នៅ​ពេល​ដាក់​ស្នើ​កម្ចី​នោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​ការ​លំបាក​ក្នុង​ការ​វាយ​តម្លៃ​លើ​កម្រិត​ហានិភ័យ​ណាស់​។

. ខ្ចី​តាម​លទ្ធភាព

អ្នក​គួរ​សម្រេច​ចិត្ត​ខ្ចី​តាម​លទ្ធភាព ដែល​អ្នក​អាច​បង់​សង​វិញ​បាន ហើយ​ត្រូវ​គិត​ថា តើ​កម្ចី​នោះ​ចាំបាច់​ដែរ ឬ​ទេ​? ទោះបី​ជា​អ្នក​ផ្ដល់​កម្ចី​ប្រាប់​ថា អ្នក​មាន​លទ្ធភាព​ខ្ចី​បាន​ច្រើន​ជាង​តម្រូវការ​របស់​អ្នក​ក៏​ដោយ​។

. អាយុ​កាល​ឥណទាន

ប្រវត្តិ​ឥណទាន​កាន់​តែ​យូរ និង​នៅ​តែ​បន្ត​ប្រើ វា​កាន់​តែ​ល្អ​សម្រាប់​ពិន្ទុ​ឥណទាន​។ និយាយ​បែប​នេះ គឺ​ហាក់​ដូច​ជា​ជំរុញ​ឲ្យ​អ្នក​ជាប់​បំណុល និង​បន្ត​ជំពាក់​បំណុល​កាន់​តែ​យូរ​។ ប្រាកដ​ណាស់​ហើយ​ថា​វា​បែប​ហ្នឹង ប៉ុន្តែ​វា​ក៏​មាន​ផល​វិជ្ជមាន​ផង​ដែរ ព្រោះ​ថា កាលណា​អ្នក​មាន​ប្រវត្តិ​បំណុល​យូរ និង​ល្អ គឺ​ជា​ព័ត៌មាន​ល្អ​សម្រាប់​ការ​សម្រេច​ឲ្យ​ខ្ចី​ប្រាក់​ពី​ធនាគារ នៅ​ពេល​ណា​ដែល​អ្នក​ត្រូវ​ការ​ប្រាក់​ធំៗ ដើម្បី​ធ្វើ​ដើម​ទុន ឬ​អភិវឌ្ឍ​ទ្រព្យ​របស់​ខ្លួន​ជា​ដើម​។

. ត្រូវ​មើល​តុល្យភាព​ខ្លួន​ឯង

ត្រង់​នេះ​មាន​ន័យ​ថា អ្នក​មិន​ត្រូវ​មាន​ឥណទាន​ច្រើន​លើសលប់​ពេក​ទេ ព្រោះ​អ្នក​ផ្ដល់​ប្រាក់​កម្ចី​គេ​នឹង​មើល​លើ​លទ្ធភាព​បង់​សង​របស់​អ្នក​។

. បង់​សង​ឲ្យ​ទាន់​ពេល

ចំណុច​នេះ​សំខាន់​ណាស់​ក្នុង​ការ​កសាង​ប្រវត្តិ​ល្អ​នៃ​ឥណទាន​របស់​អ្នក​។ អ្នក​គួរ​តែ​ព្យាយាម​បង់​សង​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់ ឬ​នៅ​ត្រឹម​ថ្ងៃ​កំណត់ ហើយ​ផ្ទៀងផ្ទាត់​ផង​ថា អ្នក​ផ្ដល់​ប្រាក់​កម្ចី​បញ្ចូល​ព័ត៌មាន​ឥណទាន​របស់​អ្នក​ទៅ​ក្នុង​ប្រព័ន្ធ​ចែករំលែក​ឥណទាន​ទាន់​ពេល​វេលា​ដូច​គ្នា​។ បើ​កាល​ណា​បញ្ចូល​យឺតយ៉ាវ នោះ​ព័ត៌មាន​របស់​អ្នក​ក៏​ស្ថិត​ក្នុង​ភាព​អវិជ្ជមាន​ដែរ​(គឺ​បង់​សង​យឺត)​។

. ប្រសិន​បើ​មាន​កាត​ឥណទាន​ចូរ​ប្រើ​ឲ្យ​បាន​ត្រឹមត្រូវ

ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​កាត​ឥណទាន (កាត​ចាយ​មុន​បង់​លុយ​តាម​ក្រោយ​) អ្នក​ត្រូវ​បង់​សង​ឲ្យ​ទាន់​ពេលវេលា និង​គ្រប់​ចំនួន​ដែល​បាន​ចាយ ឬ​ត្រឹម​កម្រិត​អប្បបរមា​ណាមួយ បើ​មិន​ដូច្នោះ​ទេ ប្រវត្តិ​ឥណទាន​របស់​អ្នក នឹង​បង្ហាញ​ថា​យឺត (​ព័ត៌មាន​អវិជ្ជមាន​)។ អ្នក​ក៏​ពុំ​គួរ​ប្រើ​កាត​ឥណទាន​ច្រើន​ពេក​នោះ​ដែរ ព្រោះ​វា​ជា​បន្ទុក​បំណុល​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.