ព្រៃនប់៖ បុរសម្នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុងបើកបរម៉ូតូលើដងផ្លូវជាតិលេខ៣ ពីវាលរេញ ឆ្ពោះទៅខេត្តកំពត ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង កាលពីនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១១ : ៣០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតនៅភូមិ!ព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សពជនរងគ្រោះមានឈ្មោះ ហុង ឃ្លោ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិព្រែកក្រែង ឃុំព្រែកត្នោតស្រុកទឹកឈូ ខេត្តកំពត។ 

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ពេលកើតហេតុគាត់កំពុងតែអង្គុយជួសជុលម៉ូតូនៅក្នុងតូប ហើយមេឃកំពុងភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយផ្គររន្ទះផង ពេលនោះគាត់ឃើញមានបុរសរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ទិសដៅពីវាលរេញឆ្ពោះទៅកំពត ពេលជិះមកដល់ចំណុចកើតហេតុ ក៏មានផ្គររន្ទះ បាញ់លឺសូរផូង ហើយឃើញជនរងគ្រោះ ធ្លាក់ចេញពីលើម៉ូតូ ឃើញដូច្នោះ ខ្លួនក៏បានហៅបងប្អូនមកជួយមើល តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យកន្លែងកើតហេតុ ដោយបានសន្និដ្ឋានថា ពិតជាត្រូវបានរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅខេត្តកំពត៕

អត្ថបទ៖ ព្រះសីហនុ

Share.