ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូជិះម៉ូតូឌុបគ្នាបណ្តើរ ជជែកឈ្លោះគ្នាបណ្តើរ ប្តីចិត្តខ្លាំងឈប់ម៉ូតូ ហើយដុតឆេះខ្ទេច បង្កឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋជួយពន្លត់ ចុងក្រោយទើបដឹងថាសោកស្តាយ បានត្រឹមនាំគ្នាបណ្តើរម៉ូតូចាកចេញទៅបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវព្រះសុីសុវត្តិ កែងនឹងផ្លូវ១១៨ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញប្តីប្រពន្ធមួយគូ ជិះម៉ូតូហុងដាឌ្រីម តាមបណ្តោយផ្លូវព្រះសុីសុវត្តិ ពីត្បូងទៅជើង ឌុបគ្នាបណ្តើរជជែកស្រែកឈ្លោះគ្នាបណ្តើរ នៅលើម៉ូតូ ដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ទៅឈប់លើផ្លូវ១១៨ ប្តីចិត្តខ្លាំងដុតម៉ូតូចោលបណ្តាលឱ្យឆាបឆេះ បង្កឱ្យភ្ញាក់ផ្អើល ស្រែកឱ្យគេឯងជួយ ពលរដ្ឋក្បែរខាង ម្យ៉ាងមានចិត្តអាណិតដែរ នាំគ្នាជួយពន្លត់ ប្តីប្រពន្ធនឹកឃើញស្តាយរបស់ទ្រព្យ គាត់ត្រូវរ៉ូវគ្នាវិញ តែម៉ូតូឆេះខូចខាតខ្ទេចទៅហើយ បានត្រឹមនាំគ្នាបណ្តើរចាកចេញទៅបាត់ ។

ករណីខាងលើ ត្រូវបានពលរដ្ឋលាន់មាត់គ្រប់គ្នា ខឹងខុស ខឹងខូច ខឹងខាត ចុងក្រោយបានត្រឹមនាំគ្នាបណ្តើរសាកសពម៉ូតូយកទៅផ្ទះ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.