សិល្បៈជាតិ៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គមមហាជនបានផ្ដោតការចាប់អារម្មណ៍ចំពោះទេពអប្សរាវ័យចំណាស់ ២ ដួង ដែលមានសាវតារពីអ្នករើសសំរាមនៅក្នុងទីក្រុង នោះគឺលោកយាយ ម៉ៅ មានវ័យ ១០៤ វស្សា និងលោកយាយ រក្សា មានវ័យ ៧៩ ឆ្នាំ។ ប៉ុន្តែនៅក្នុងអត្ថបទនេះ សារព័ត៌មានត្រយងសូមជម្រាបជូនពីប្រវត្តិលោកយាយ ម៉ៅ ដែលជាកំពូលស្ត្រីតស៊ូលើគំនរសំរាមស្ទឹងមានជ័យ។

តាមការបញ្ជាក់ពីអ្នកលេងបណ្ដាញសង្គមម្នាក់បានឱ្យដឹងថា លោកយាយ ម៉ៅ ត្រូវបានអ្នកភូមិស្គាល់ថាជាស្ត្រីចំណាស់ពូកែញញឹម ជាមនុស្សរីករាយ និងជាស្ត្រីដ៏អស្ចារ្យម្នាក់ក្នុងដំណើរជីវិតតស៊ូរបស់គាត់។ លោកយាយ ម៉ៅ បានបាត់បង់ស្វាមីជាទីស្រលាញ់ និងកូនប្រាំមួយនាក់ក្នុងរបបដ៏ខ្មៅងងឹតពុលពត។ ក្រោយរំដោះប្រទេសពីភ្លើងសង្គ្រាម ស្ត្រីមេម៉ាយរូបនេះ គ្មានសាច់ញាតិសូម្បីម្នាក់ និងបានតស៊ូនៅក្នុងជីវិតតាមរយៈការរើសអេតចាយជុំវិញកន្លែងចាក់សំរាមនៅតំបន់ស្ទឹងមានជ័យ ដើម្បីរស់ និងចិញ្ចឹមកូន ៤ នាក់។ បើទោះបីជាពេលនេះ លោកយាយ ម៉ៅ មានវ័យកាន់តែជ្រេរក៏ដោយ ប៉ុន្តែសុខភាពរបស់លោកយាយនៅមាំមួន និងប្រកបដោយផាសុខភាពជាមួយគម្រោងថែទាំ  Granny with Cambodia Children’s Fund (CCF) របស់លោក Scott Nesson ជាស្ថាបនិក CCF ។

សូមជម្រាបថា ការបង្ហាញអប្សរាវ័យ១០៤ឆ្នាំ និងអប្សរាវ័យ ៧៩ឆ្នាំ នេះ ស្របពេលដែលចលនាបំផុតគំនិតផ្សព្វផ្សាយវប្បធម៌ជាតិជាមួយយុទ្ធនាការណ៍ Aspar Trend ។ ការចូលរួមរបស់តួអង្គទេពអប្សរាវ័យចំណាស់ទាំងពីរដួងនេះ ក៏ទទួលបានការកោតសរសើរពីសំណាក់នាថការបាំអប្សរា អ្នកសិល្បៈ និងមហាជនជាច្រើននាក់ផងដែរ។

យ៉ាងណាមិញ សាវតាពិតរបស់លោកយាយ រក្សា ដែលមានវ័យ ៧៩ វស្សា ក៏មានប្រភពពីតំបន់អ្នករើសសំរាមនៅស្ទឹងមានជ័យ មិនខុសពីលោក ម៉ៅ ផងដែរ ប៉ុន្តែប្រវត្តិលម្អិតនៅមិនទាន់មានប្រភពណាចេញមកទម្លាយនៅលើបណ្ដាញសង្គមនៅឡើយទេ។ សារព័ត៌មានត្រយងនឹងលម្អិតពីប្រវត្តិលោកយាយ រក្សា នៅអត្ថបទក្រោយ៕

Share.