សិល្បៈជាតិ៖ តាមសមាគមសិល្បករខ្មែរបានឱ្យដឹងថា លោកជំទាវអ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ បានដឹកនាំក្រមការងារអញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ វីរសិល្បករចាប៉ីដងវែង​ នារសៀលថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ២០២៤​ ដែលលោកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)​ ប្រកប​ដោយ​សេចក្ដីព្រួយបារម្ភ​ជាទីបំផុត។

នៅក្នុងឱកាសនោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ​ បានសាកសួរអំពីស្ថានភាពនានារបស់លោកព្រឹទ្ធាចារ្យ​ គង់​ ណៃ​ ពីសំណាក់ក្រុមគ្រួសារដែលកំពុងមើថែលោកព្រឹទ្ធាចារ្យនៅមន្ទីរពេទ្យ​ ព្រមទាំងបាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ​ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ​ ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែកផងដែរ។

លោកជំទាវបានគោរពជូនពរដល់ព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ ដោយសង្ឃឹមថា​ សុខភាពរបស់លោកព្រឹទ្ធាចារ្យនឹងបានល្អប្រសើរឡើងវិញ ហើយបានជួបលោកតាព្រឹទ្ធាចារ្យសារជាថ្មីម្ដងទៀតនាពេលឆាប់ៗខាងមុខនេះ​ ខណៈសមាគមក៏កំពុងត្រៀមរៀបចំកម្មវិធីដ៏ធំមួយសម្រាប់ជួយដល់សិល្បកររៀមច្បង​ ហើយលោកជំទាវអ្នកឧកញ៉ាពិតជាចង់ឃើញព្រឹទ្ធាចារ្យ​ គង់​ ណៃ​ បង្ហាញវត្តមាននាឱកាសនោះផងដែរ។

លោកព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ បានបង្ហាញអារម្មណ៍រីករាយដោយបានដឹងថា​ វត្តមានរបស់អ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ ប្រធានសមាគមសិល្បករខ្មែរមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោក​ ព្រមទាំងបានអញ្ជើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ដូច្នេះ។ នេះជាការលើកទឹកចិត្តយ៉ាងធំធេងដល់លោកព្រឹទ្ធាចារ្យ​ និងក្រុមគ្រួសារ។

Share.