សិល្បៈជាតិ៖ បាំងប្រមាណកន្លះខែទៀត ដល់ថ្ងៃសម្ពោធ MV បទចម្រៀង «ទេវរាជ» របស់អ្នកនាង ទេព បូព្រឹក ហើយអ្នកនាងក៏បានប្រកាសថា ថវិកាមួយចំនួនពីការលក់សំបុត្រនឹងត្រូវកាត់បញ្ចូនឧបត្ថម្ភដល់ សាលាមធ្យមវិចិត្រសិល្បៈ ។

អ្នកនាង ទេព បូព្រឹក្ស បានឱ្យដឹងថា សម្រាប់សំបុត្រចូលរួមកម្មវិធីសម្ពោធ MV បទ ទេវរាជ នឹងត្រូវដាក់លក់នៅថ្ងៃទី ១១ ខែ ឧសភា នេះតទៅ ក្នុងគោលបំណងរួមគ្នាជាធ្លុងមួយដើម្បីបង្កើតចលនាវប្បធម៌ផ្សំគ្នានឹងសម័យទំនើបដែលជារសជាតិនិយមបែបខ្មែរ។ លើសពីនេះ កម្មវិធីទាំងមូលក៏បានឆ្លុះបង្ហាញពីយុគសម័យថ្មីនៃវីដេអូចម្រៀងបែបខ្មែរទំនើបដែលឆ្លុះបញ្ចាំងពី វប្បធម៌ អរិយធម៌ ដ៏រុងរឿងនៃមហាដូនតាខ្មែរដែលបានកកើតលើដែនដីមាស ហៅថា «ដែនដីសុវណ្ណភូមិ » ។

សម្រាប់អ្នកចូលរួមទាំងអស់ត្រូវបានបំផុសគំនិតប្រើប្រាស់សម្លៀកបំពាក់ បែបខ្មែរបុរាណ ប្រពៃណី ឬ បែបទំនើបសហសម័យ ឬ សម្លៀកបំពាក់និយមតាមបែបសម័យកាលដូនតាខ្មែរ ( ឧ. លង្វែក ឧត្តុង ខ្មែរសម័យកណ្តាល ក្បិន អាប៉ាក់ហូលផាមួងជាដើម ) ឬ តាមសម័យកាលនីមួយៗតាមចំណង់ចិត្តរៀងខ្លួន។ ចំណែកឯថវិកាមួយចំនួនពីការលក់សំបុត្រនឹងត្រូវកាត់បញ្ចូនឧបត្ថមដល់ សាលាមធ្យមវិចិត្រសិល្បៈ ។ អ្នកនាង ទេព បូព្រឹក្ស បញ្ជាក់ទៀតថា ការប្រកាន់យកសម្លៀកបំពាក់ចូលរួមបែបនេះគឺបានជួយជំរុញការផ្សព្វផ្សាយរបស់ពិតនៃបុព្វបុរសយើងថែមមួយកម្រិតទៀតដោយមានការចូលរួមពីជនរួមជាតិ ។

ដោយឡែក ការសម្ពោធចាក់បញ្ចាំងវីដេអូចម្រៀង ទេវរាជ និងផ្ទាំងទស្សនីយភាពវប្បធម៌ខ្នាតធំ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៦ ខែ ឧសភា នេះ នៅសាលមហោស្រពកោះពេជ្រ រាធានីភ្នំពេញ។ ដូច្នោះរង់ចាំមើលទាំងអស់គ្នាថា MV បទ ទេវរាជ ដែលលើកបង្ហាញពី ៣ សម័យកាលបញ្ចូលគ្នារំលឹកគុណបុព្វបុរសខ្មែរ មានភាពអស្ចារ្យនិងខ្លាំងជាងបទ «វិរនារី» ដល់កម្រិតណា?

Share.