ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ឥណ្ឌូណេស៊ី សមាជិក​ក្នុង​តំបន់​អាស៊ាន​ អស់​សិទ្ធិ​ទៅ​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ ​2024 Summer Olympics ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​២០២៤ នេះ​បន្ទាប់​ពី​ចាញ់​ក្រុម​​ប្រទេស​ហ្គីណេ ដោយ​លទ្ធផល​១-០ នៅ​រាត្រី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០២៤។

ក្នុង​នាម​ជា​ក្រុម​លេខ៤​នៃ​ព្រឹត្តិការណ៍​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2024 AFC U-23 Asian Cup ក្រុម​ឥណ្ឌូណេស៊ី ត្រូវ​ប្រកួត​ទល់​នឹង​ក្រុម​ហ្គីណេ ដែល​ជា​ក្រុម​លេខ៤​មក​ពី​ទ្វីប​អាហ្រ្វិក 2023 U-23 Africa Cup of Nations ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ បន្ត​សំបុត្រ​យន្តហោះ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ដូច្នេះ​គិត​ត្រឹម​ពេល​នេះ​បេក្ខភាព​ឆ្ពោះ​ទៅ​ដណ្តើម​មេដាយ​អូឡាំពិក​លើក​នេះ​រក​ឃើញ​អស់​ហើយ ដោយ​៖
– ទ្វីប​អាមេរិក​ខាង​ជើង៖ ជ្រើស​ចេញ​ពី​ពានរង្វាន់ 2022 CONCACAF U-20 Championship មាន​អាមេរិក និង​សាធារណរដ្ឋដូមីនីកេន
– ទ្វីប​អឺរ៉ុប៖ ជ្រើស​ចេញ​ពី​ពានរង្វាន់ 2023 UEFA European Under-21 Championship មាន​អេស្ប៉ាញ, អ៊ីស្រាអែល និង​អ៊ុយក្រែន
– ទ្វីប​អាហ្វ្រិក៖ ជ្រើស​ចេញ​ពី​ពានរង្វាន់ 2023 U-23 Africa Cup of Nations មាន​ម៉ារ៉ុក, អេហ្ស៊ីប, ម៉ាលី
– ទ្វីបអូសេអានី៖ ជ្រើស​ចេញ​ពី​ពានរង្វាន់ 2023 OFC Olympic Qualifying Tournament មាន​នូវែលហ្សេឡង់
– ទ្វីប​អាហ្វ្រិកខាងត្បូង៖ ជ្រើស​ចេញ​ពី​ពានរង្វាន់ 2024 CONMEBOL Pre-Olympic Tournament មាន​ប៉ារ៉ាហ្គាយ និង​អាហ្សង់ទីន
– ទ្វីប​អាស៊ី៖ ជ្រើស​ចេញ​ពី​ពានរង្វាន់ 2024 AFC U-23 Asian Cup មាន​ជប៉ុន, អ៊ូបេគីស្ថាន, អ៊ីរ៉ាក់
ជម្រុះ​ទ្វីប​អាស៊ី+ទ្វីប​អាហ្វ្រិក៖ ហ្គីណេ
– ម្ចាស់​ផ្ទះ​៖ បារាំង

សរុប​វិញ្ញាសា​បាល់ទាត់​បុរស​មាន​ចំនួន​១៦​ក្រុម ចែក​ជា​៤​ពូល ដោយ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១០ ខែ​សីហា​ឆ្នាំ​២០២៤។

គិត​ត្រឹម​ពេល​នេះ​ប្រទេស​តំបន់​អាស៊ាន​ចំនួន​​៤ ធ្លាប់​តំណាង​ឱ្យ​ទ្វីប​អាស៊ី ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ ក្នុង​វគ្គ​ចែក​ពូល រួម​មាន​ក្រុម​ថៃ នៅ​ឆ្នាំ​១៩៥៦ និង​១៩៦៨, ក្រុម​ម៉ាឡេស៊ី ឆ្នាំ​១៩៧២, ក្រុម​មីយ៉ាន់ម៉ា នៅ​ឆ្នាំ​១៩៧២ និង​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​១៩៥៦។

ចំណែក​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​វិញ ឃើញ​ថា​ក្រុម​ជម្រើស​ជាតិ​ហុងគ្រី និង​ចក្រភព​អង់គ្លេស ធ្លាប់​ឈ្នះ​បាន​មេដាយ​មាស​៣​លើក​ច្រើន​ជាង​គេ ខណៈ​ប្រេស៊ីល អាហ្សង់ទីន, សហភាព​សូវៀត, អ៊ុយរុយហ្គាយ ធ្លាប់​ឈ្នះ​បាន​ម្នាក់​២លើក។ ចំណែក​ក្រុម​ប្រទេស​ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស​ម្នាក់​១លើក​មាន​យូហ្គោស្លាវី, អេស្ប៉ាញ, ប៉ូឡូញ, អាល្លឺម៉ង់​ខាងកើត, នីហ្សេរីយ៉ា, ឆេកូស្លូវ៉ាគី, បារាំង, អ៊ីតាលី, ស៊ុយអែត, ម៉ិចស៊ីកូ, បែលហ្សិក, កាណាដា និង​កាមេរ៉ូន៕

Share.